ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ យុទ្ធនាការស្តារលូ លាងលូ៣សប្តាហ៍ រដ្ឋបាលរាជធានីភ្នំពេញសម្រេចលទ្ធផល៥៧គីឡូម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ យុទ្ធនាការស្តារលូ លាងលូ ក្នុងខណ្ឌទាំងបួន ៣សប្តាហ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចលទ្ធផលបាន៥៧គីឡូម៉ែត្រហើយ ដើម្បីត្រៀមលក្ខណៈ ក្នុងការរំដោះទឹកភ្លៀងនៅក្នុងរដូវវស្សាខាងមុខនេះ។

នេះបើតាមការបញ្ជាក់ឲ្យដឹងក្នុងកិច្ចប្រជុំអំពីលទ្ធផលក្នុងការស្តារលូ ក្នុងខណ្ឌទាំងបួន នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវថ្ងៃទី២៩មករា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងក្រោយកិច្ចប្រជុំនេះថា៖ យុទ្ធនាការស្តារលូ លាងលូ ក្នុងខណ្ឌទាំងបួន ជាលទ្ធផលរយះពេលបីសប្តាហ៍កន្លងមកនេះ ពោលគឺរាប់ចាប់ថ្ងៃទី១៨ ខែមករា មកដល់ ពេលនេះ ទាំងមន្ទីរសាធារណការ ក៏ដូចជាខណ្ឌទាំងបួនដូចជាខណ្ឌ ដូនពេញ ចំការមន ទួលគោក រួមគ្នាស្តារលូសំរេចបានលទ្ធផល ចំនួន៥៧គីឡូម៉ែត្រស្មើនឹង១៤ភាគរយនៃចំនួននៃប្រវែងលូដែលត្រូវស្តារសរុបក្នុងផែនការរួម៤១៨គីឡូម៉ែត្រ ។

លោកម៉េត មាសភក្តី បានបញ្ជាក់ផងដែរថា៖ តួលេខពីមុនក្នុងការស្តារលូប្រវែងសរុប ៤៦០ម៉ែត្រ ប៉ុន្តែក្រោយពីក្រុម ការងារបានចុះពិនិត្រទីតាំងផ្ទាល់ ព្រមទាំងលូមួយចំនួនជាលូថ្មី ដែលពុំមានបញ្ហាតំរូវការក្នុងការស្តារនោះទេ បានថយរហូទៅដល់៤០គីឡូម៉ែត្រ ។

លោកបន្ថែមថា៖ ជាផែនការរួមថ្មី យើងកំពុងស្តារលូប្រវែងសរុបជាង៤១៨គីឡូម៉ែត្រ ហើយមកដល់ថ្ងៃទី ២៩ ក្នុងរយះពេលបីសប្តាហ៍នេះ គឺយើងទទួលបាន១៤ភាគរយ ហើយ ចឹងទេយើងនឹងរំពឹងក្នុងការងារនេះ ចប់បានទាន់ពេលវេលាតបតាមផែនការដែលបានគ្រោងទុក ។

ក្នុងឱកាសនោះដែរលោកអភិបាលបានផ្តាំផ្ញើនឹងជំរុញ ឲ្យមន្ទីរជំនាញ ក៏ដូចជាខណ្ឌ យកចិត្តទុកដាក់ ក្នុងការស្តារលូ ឲ្យហើយ ដើម្បីត្រៀមរំដោះបញ្ហាទឹកលិច ដោយទឹកភ្លៀងក្នុងរដូវវស្សាខាងមុខនេះ ។ ក្រៅពីនេះលោកអភិបាលរាជធានី ក៏បានសំណូមពរឲ្យមន្ទីរជំនាញពាក់ព័ន្ធ និងខណ្ឌរួមគ្នាបន្តអនុវត្តន៍ការងារនេះ ឲ្យបានជាប់លាប់ និងរួមរាន់គ្រប់គ្នា ។ បន្តពីការងារស្តារលូ និងមានការរៀបចំប្រឡាយ ហើយមន្ទីរសាធារណការបានធ្វើរបាយការណ៍អំពីកិច្ចការប្រឡាយមួយចំនួន រួមមានប្រឡាយ ស្ទឹងមានជ័យ ។ ប្រឡាយស្ទឹងមានជ័យយើងបានស្តារតាំងពីកំឡុងដើមខែធ្នូ ឆ្នាំ ២០១៧ ហើយនឹងស្តារបាន១០០ភាគរយ ដែលយើងរាប់ចាប់ពីស្ពានស្ទឹងមាន ជ័យ រហូតដល់ស្ថានីយ៍បឹងទំពុន ដែលមានលទ្ធផលក្នុងការស្តានេះ ក្រុមការងារបានស្តារ៥៤០០ម៉ែត្រគីប នៃសំរាមក៏ដូចជាភួក់ សំណល់រឹងផ្សេងៗត្រូវបានចាក់ចូល ឫក៏បោះចូលទៅក្នុងប្រឡាយកន្លងមក។ ចឹងទេការងារប្រឡាយស្ទឹងមាន ជ័យ ពីកំណត់ក្រោមស្ពាន រហូតទៅដល់ស្ថានីយ៍បូមទឹកបឹងទំពុន គឺបានស្តារ១០០ភាគរយរួចហើយ ។

ដោយឡែកប្រឡាយមួយទៀត គឺប្រឡាយផ្លូវរថភ្លើង ដែលការងារស្តារនោះ គឺដើម្បីរំដោះ ទឹកលិចលង់ក្នុងសាលាក្តីខ្មែរក្រហម គឺយើងចាប់ផ្តើមស្តារ៤០០ម៉ែត្រ នឹងកំពុងជំរុញធ្វើយ៉ាងណា ឲ្យការងារស្តារនេះបានលឿន និងល្អប្រសើរ ដើម្បីជំលៀសដោះស្រាយបញ្ហាក្នុងការលិចលង់ទឹកនេះ ក្នុងសាលាក្តីខ្មែរក្រហម។

ពាក់ព័ន្ធនឹងបញ្ហាទឹក និងលូ ប្រឡាយលោកឃួង ស្រេងបានអំពាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួម នឹងបញ្ឍប់ទំលាប់ក្នុងកាបោះសំរាម ឫកាកសំណល់រឹងផ្សេងៗ ចូលក្នុងប្រឡាយ ។លោកស្នើឲ្យឈប់ជាបន្ទាន់ ហើយចូលរួមសហការគ្នាជាមួយអាជ្ញាធរ និងសម្ថកិច្ច ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ សំដៅធ្វើយ៉ាងឲ្យរាជធានីយើងកាត់បន្ថយ បញ្ហាការលិចលង់ដោយជំនន់ទឹកភ្លៀង៕ សំរិត


ចែករំលែក៖