ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូក្នុងល្បឿនបុកគោមួយក្បាលដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ខណៈជនរងគ្រោះទាំង២នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោគជាំដោយល្បឿនលឿន បានបុកជាមួយគោមួយក្បាលដើរឆ្លងផ្លូវពេញមួយទំហឹង កាលពីវេលសម៉ោង១៩និង២៥នាទី ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ស្ថិតក្នុងភូមិកំពង់ចុះវារ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ វង់ សារី ភេទប្រុស ជិះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1G-1746និងមានអ្នករួមដំណើរជាមួយឈ្មោះ ខ្នា ភេទប្រុស អាយុ៣៥ឆ្នាំ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិកំពង់អុស កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះ២នាក់ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលេចទៅកើត ក្នុងល្បឿនលឿនដោយមានសភាពស្រវឹងស្រាជោគជាំផងដែរ ។ លុះមកដល់ចំណុចកើតស្រាប់តែមានគោមួយក្បាលដើរឆ្លងកាត់ផ្លូវពីត្បូងទៅជើង ធ្វើឲ្យជនរងគ្រោះឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកសត្វគោពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនិងអ្នករួមដំណើររងរបួសស្រាល។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបានធ្វើការចុះវាស់វែង និងកសាងឯកសារដកហូតម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖