ខេត្តពោធិ៍សាត់៖ សកម្មភាពនៃការប្រព្រឹត្តល្មើសច្បាប់ របស់ក្រុមអ្នកនេសាទនៅតែបន្តជាធម្មតាសម្រាប់ខេត្តពោធិ៍សាត់ ។ គ្មានមន្ត្រីជំនាញ ឬអាជ្ញាធរណាទៅបង្ក្រាបក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះទេ។ គេរាយការណ៍ថា វេលានេះ អួន៦ទៅ៧វង់កំពុងធ្វើសកម្មភាពនេសាទល្មើសច្បាប់នៅតំបន់កោះគ្របបាយ ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ទីតាំងនេះស្ថិតនៅក្រោមការទទួលខុសត្រូវរបស់លោក ភុន សុវណ្ណា នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង។
សេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពនៃការប្រព្រឹត្តល្មើសច្បាប់របស់ក្រុមអ្នកនេសាទនៅភូមិសាស្ត្រឃុំរាំងទិល ស្រុកកណ្តៀងនេះបានកើតមានជាចំហររៀងរាល់ថ្ងៃ ។ អួន១វង់ៗប្រវែងជាង១ពាន់ម៉ែត្រ ដែលអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាស្ថាប័នជំនាញ ពោលគឺរដ្ឋបាលជលផល អាចមើលដោយភ្នែកទទេឃើញ ។ ប៉ុន្តែគេមិនបង្ក្រាបបទល្មើសនោះឡើយ ផ្ទុយទៅវិញ លោកភុន សុវណ្ណានេះហើយ ដែលជាអ្នកកាងបទល្មើសឲ្យពួកអ្នកនេសាទខុសច្បាប់ទាំងនោះ។ មានន័យថា នៅពេលដែលមានសមត្ថកិច្ចផ្សេងៗប៉ុនប៉ងចុះទៅបង្ក្រាបបទល្មើស លោកភុន សុវណ្ណា គឺជាអ្នកទូរស័ព្ទឲ្យអ្នកនេសាទផ្អាកសកម្មភាព ឬពន្លិចបទល្មើសមិនឲ្យមើលឃើញ។ នៅពេលដែលស្ថាប័ន ឬសមត្ថកិច្ចផ្សេងចុះទៅបង្ក្រាប គឺជនល្មើសបានចាកចេញបាត់អស់ទៅហើយ។
បើតាមសេចក្តីរាយការណ៍ពីប្រជានេសាទខ្មែរអះអាងថា បណ្តាជនដែលប្រព្រឹត្តល្មើសច្បាប់ភាគច្រើន គឺជាជនជាតិវៀតណាម ដែលបង់ប្រាក់ឲ្យលោកភុន សុវណ្ណា ។ លោកភុន សុវណ្ណា ជួនកាលស៊ីដាច់មេៗថ្នាក់ខេត្ត ក្នុងបញ្ហាបទល្មើសនេះ តាមរយៈការឃុបឃិតជាមួយអ្នកនេសាទ ។ ចំណុចប្រទាំងប្រទើសគ្នាក្នុងការបង្ក្រាបបទល្មើសនេសាទតែងតែកើតមានរវាងសមត្ថកិច្ចជំនាញ(ជលផល) នឹងសមត្ថកិច្ចប្រដាប់អាវុធ។ ក្រុមសមត្ថកិច្ចប្រដាប់អាវុធ ប្រសិនបើចង់បង្ក្រាបបទល្មើសនេសាទ ត្រូវជូនដំណឹងឲ្យពួកជលផលដឹងជាមុន។ ពួកមន្ត្រីជលផល ដែលបានផលប្រយោជន៍ពីបទល្មើស តួយ៉ាងដូចជាលោកភុន សុវណ្ណា នៅពេលដឹងថា មានសមត្ថកិច្ចផ្សេងចង់បង្ក្រាបនោះ ពួកគេបានទូរស័ព្ទប្រាប់អ្នកប្រព្រឹត្តល្មើសឲ្យផ្អាកសកម្មភាព។
លោកភុន សុវណ្ណា មិនឆ្លើយតបជាមួយអ្នកកាសែតនគរវត្តឡើយ។ កាលពីសប្តាហ៍មុន លោកនិយាយថា ប្រសិនបើមានបទល្មើស លោកនឹងចុះទៅពិនិត្យភ្លាម។ យ៉ាងណាក៏ដោយ គេនិយាយថា គេមិនដែលឃើញលោក ភុន សុវណ្ណាបង្ក្រាបបទល្មើសនេសាទម្តងណាឡើយ៕ ប៉ឹម ពិន