ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំងរុស្ស៊ីស្ទាក់យន្តហោះអាមេរិកនៅលើដែនអាកាសសមុទ្រខ្មៅ

ចែករំលែក៖

រុស្ស៊ីបានបញ្ចេញយន្តហោះចម្បាំងដ៏ ទំនើបរបស់ខ្លួន គឺយន្តហោះSu-27 ទៅ ស្ទាក់យន្តហោះអាមេរិក នៅលើដែនអាកាស តំបន់សមុទ្រខ្មៅ។ ការទៅស្ទាក់នោះត្រូវបានភាគីអាមេរិកប្រតិកម្មយ៉ាងខ្លាំង ដោយ ការហោះហើរ ក្នុងរយៈចម្ងាយមិនមាន សុវត្ថិភាព ។

កាលពីថ្ងៃទី ២៩ខែមករា ក្រសួងការ ពារជាតិអាមេរិក បានអះអាងថា យន្ដ ហោះចម្បាំងរុស្ស៊ី SU-27 បានធ្វើសកម្ម ភាពហោះហើរ ដោយមិនមានបទដ្ឋាន សុវត្ថិភាពចំពោះមុខយន្ដហោះចម្បាំង អាមេរិក U.S. EP-3 នៅក្នុងដែនអាកាស អន្តរជាតិ នៅឯតំបន់សមុទ្រខ្មៅ កាលពី ព្រឹកថ្ងៃដដែល។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។

ជុំវិញឧប្បត្តិហេតុនេះដែរ ថ្លែងនៅ ក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធើរ ណឺត (Heather Nauert) បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្ដែងក្ដីព្រួយ បារម្ភ ក្នុងកម្រិតខ្ពស់ ចំពោះសកម្មភាពគ្មានបទដ្ឋានសុវត្ថិភាព របស់យន្ដហោះចម្បាំង រុស្ស៊ី។ តែយ៉ាងណាក៏ដោយ ទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី RIA បានរាយការណ៍ថា យន្ដហោះចម្បាំង រុស្ស៊ីបានហោះស្ទាក់ យន្ដហោះចម្បាំងអាមេរិកមួយគ្រឿងធុន EP-3E Aries II ដើម្បីរារាំងមិនឱ្យហោះ រំលោភចូលក្នុងដែនអាកាសរុស្ស៊ី។

គួរបញ្ជាក់ថា នេះមែនជាលើកទីមួយ ឡើយ ដែលសហរដ្ឋអាមេរិកចោទប្រកាន់ រុស្ស៊ីបែបនេះ ហើយវាក៏នឹងមិនមែនជាលើកចុងក្រោយដែរ ដែលមហាអំណាចទាំងពីរចោទប្រកាន់គ្នា ទៅវិញទៅមក ខណៈ ទីក្រុងមូស្គូ និងសហរដ្ឋអាមេរិក កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន កាន់តែច្រើន នៅលើដែនអាកាស នៃតំបន់សមុទ្រខ្មៅ៕ ម៉ែវ សាធី


ចែករំលែក៖