ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ដីកំពុងប្តឹងទប់ស្កាត់ទៅក្រសួង រងចាំដោះស្រាយ បែរជាមានមន្ត្រី នាំគ្នាទៅបោះបង្គោលពេញដីទាំងយប់ទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែមករា រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ មានមនុស្សមួយក្រុម មានកម្មករ និងកម្លាំងប្រដាប់អាវុធផង ដែលមានការដឹកនាំដោយ អភិបាលរងខណ្ឌចំការមនម្នាក់ ឈ្មោះ សំណាង និងឈ្មោះ សឿន បាននាំគ្នា ធ្វើសកម្មភាព បោះបង្គោលព្រុំដី ទាំងយប់ទាំងថ្ងៃចំនួន ជិត២០បង្គោល នៅចំណុច ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលជាដីកំពុងមានទំនាស់ និងរងចាំការដោះស្រាយនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រភពពី ក្រុមកម្មករដែលត្រូវគេជួលឱ្យដាំបង្គោលទាំងអស់ ថ្លែងថា ពួកគាត់ស្គាល់ត្រឹមថា បុរសដែលជួលពួកគាត់នោះ ឈ្មោះ សំណាង មានតួនាទីជាអភិបាលរងខណ្ឌចំការមន និងមានឈ្មោះ សឿន ជាអ្នកគក់ជេដី។

កម្មករទាំងអស់នោះបាន ឱ្យដឹងថា នៅពេលបោះបង្គោលក៏មានពលរដ្ឋ អ្នកចាំដីមក សួរនាំដែរ តែត្រូវគេគំរាមចាប់ ក៏ពលរដ្ឋទាំងនោះ ចាកចេញអស់ទៅ។

យោងតាមការអះអាងរបស់លោក អុំ រម្យ អតីតមេឃុំពន្សាំង បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃសៅរ៍ទី២៧ ខែមករា ឆ្នាំ២០១៨ ឈ្មោះ សាត សឿង ដែលជាអ្នកគក់ជេ រៀបដីនៅចំណុចខាងលើនោះ បានហៅលោកឱ្យទៅជួយចង្អុលព្រុំដី ដើម្បីបោះបង្គោលមែន។

លោកបន្ដថា អ្នកដែលដឹកនាំកម្មករ និងកងកម្លាំងប្រដាប់អាវុធ មកបោះបង្គោលនោះ មានឈ្មោះ កែវ សំណាង ជាអភិបាលរងខណ្ឌចំការមន និងឈ្មោះ សាត សឿន ជាអ្នកកគ់ជេដី។

លោក អុំ រម្យ បានបន្ថែមថា ក្នុងនាមលោកជាអតីតមេឃុំពន្សាំង និងជាអ្នកធ្លាប់រៀបចំដីនោះ លក់ឱ្យទៅឈ្មោះ សាត សឿន លោកបានចុះទៅចង្អុលបង្ហាញព្រុំ តាមដែលលោកធ្លាប់ដឹងមែន។

ចំពោះមូលហេតុដែលមានអភិបាលរងខណ្ឌចំការមន ទៅដឹកនាំមនុស្សឱ្យបោះបង្គោលព្រុំដីនៅក្នុងទឹកដីខណ្ឌព្រែកព្នៅ បែបនេះលោកក៏អត់ដឹងដែរ ព្រោះលោកមិនមែនជាមន្ត្រីទៀតទេ បានត្រឹមតែអនុវត្តតាមតែគេចង់បានប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ យើងមិនទាន់អាចសុំការបញ្ជាក់ពីលោក កែវ សំណាង អភិបាលរងខណ្ឌចំការមនបានទេ ដោយសារទូរស័ព្ទ លោកហៅចូលហើយ គ្មានអ្នកទទួល។

ដោយឡែកបើយោងតាម ពាក្យបណ្តឹងតវ៉ា និងសុំទប់ស្កាត់ការស្នើសុំចុះបញ្ជីចេញទុតិយតានូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ របស់ លោកស្រី អ៊ិន សុភារី ដែលអះអាងថា ខ្លួនជាម្ចាស់ដី គោរពជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំ ឱ្យក្រសួងនេះកុំឱ្យ ចេញប័ណ្ណទុតិយតា លើដីចំនួន ០៨ ប័ណ្ណ ដែលមានទំហំ ៣០ហិកតា ស្ថិតក្នុងភូមិភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

នៅក្នុងលិខិតនោះ លោកស្រី អ៊ិន សុភារី ក៏បានស្នើឱ្យក្រសួងកោះហៅ ឈ្មោះ ខូវ លីបាក់ និងឈ្មោះ ស៊ី ជិនម៉ូវ ទៅបំភ្លឺបំភ្លឺតទល់មុខគ្នានៅចំពោះមុខមន្ត្រីពាក់ព័ន្ធក្នុងការដោះស្រាយវិវាទដីធ្លី នៅក្រសួងផងដែរ។

ការប្តឹងតវ៉ា និងសុំឱ្យក្រសួងទប់ស្កាត់ការចុះបញ្ជីចេញទុតិយតានូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ឱ្យទៅឈ្មោះ ខូវ លីបាក់ និងឈ្មោះ ស៊ី ជិនម៉ូវ ទៅក្រសួងនោះ គឺលោកស្រី អ៊ិន សុភារី បានអះអាងថា ដីចំនួន ០៨ប័ណ្ណ ទំហំ ៣០ហិកតា នោះជាដីរួមភូមិដែលមានប្រជាពលរដ្ឋ ចំនួន ១៧០គ្រួសារ បានផ្តិតមេដៃ លក់ឱ្យលោកស្រីកាលពីអំឡុងចុងឆ្នាំ២០១៦ ដោយមានលិខិតបញ្ជាក់ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ អមជាមួយស្នាមេដៃរបស់ពលរដ្ឋម្ចាស់ដីផងដែរ។

លោកស្រី អ៊ិន សុភារី បានសំណូមពរឱ្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយអន្តរាគមន៍រកយុត្តិធម៌ដល់លោកស្រីជាម្ចាស់ដីស្របច្បាប់ផង។

សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ក៏មានលោកស្រី នេត ណារី ដែលអះអាងថា ខ្លួនជាម្ចាស់ដីនៅចំណុចខាងលើ បានដាក់ពាក្យប្តឹងទប់ស្កាត់ទៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរងចាំដោះស្រាយផងដែរ តែនៅមិនទាន់មានដំនណោះស្រាយនៅឡើយទេ។

កាលពីអំឡុងដើមឆ្នាំ២០១៧ មានតំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ ប្រធានភូមិ អនុប្រធានភូមិ ចំនួន ៧ភូមិ និងមានលោកស្រី ឌី សារៀម ជាអតីតចៅសង្កាត់ពន្សាំង បាននាំគ្នាធ្វើសន្និសីទលើដីទំនាស់ខាងលើនេះ ដោយបានអះអាងថា ពួកគាត់ពិតជាបាន លក់ដីរួមភូមិ សរុបជាង១០០ហិតា នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នោះទៅឱ្យឈ្មោះ អ៊ិន សុភារី ដោយទទួលបានលុយថ្លៃដីគ្រប់ចំនួន យកទៅចែកគ្នានៅអំឡុងចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧។

ពលរដ្ឋបានអះអាងបន្ថែមថា ក្រោយពីទិញដីពីប្រជាពលរដ្ឋរួច លោកស្រី អ៊ិន សុភារី បានសង់រោងឱ្យពលរដ្ឋចាំដីនោះថែមទៀតផង៕ អរុណរៈ


ចែករំលែក៖