ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះមណ្ឌលចាស់ជរានៅជប៉ុនស្លាប់និងរបួសជិត២០នាក់

ចែករំលែក៖

គ្រោះអគ្គិភ័យជាទ្រង់ទ្រាយធំមួយ បានឆាបឆេះមជ្ឈមណ្ឌលចាស់ជរានៅជប៉ុន បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់ និង៥នាក់រងរបួស។ ភាគច្រើនចាស់ជរានៅក្នុងមជ្ឈមណ្ឌលនោះ គឺជាអ្នកគ្មានទីពឹង ទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុពីរដ្ឋាភិបាល។

សារព័ត៌មានជប៉ុន NHK ផ្សាយឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនចាស់ជរាសរុប១៦ម្នាក់ បានស្នាក់នៅក្នុងអគារធ្វើពីឈើកម្ពស់៣ជាន់ខាងលើ ដែលស្ថិតក្នុងទីក្រុង Sapporo នៃកោះហុកកៃដូ (Hokkaido) ជាទីដែលពួកគេបានបង់ប្រាក់ជួលក្នុងមួយខែៗថ្លៃ ៣៦,០០០យេន (៣៣០ដុល្លារ)។ មនុស្ស៣នាក់ ក្នុងចំណោមអ្នករួចរស់ជីវិតទាំង៥នាក់ ដែលមានវ័យខ្ទង់៥០ និង៨០ឆ្នាំប្លាយ កំពុងទទួលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ប៉ុន្តែស្ថានភាព គឺពុំមានការគំរាមកំហែងដល់អាយុជីវិតឡើយ។

គួរជម្រាបថា មជ្ឈមណ្ឌលខាងលើជាកម្មសិទ្ធិរបស់អង្គការមួយក្នុងក្រុង Sapporo ដែលជួយដល់ជនទាំងឡាយស្ថិតក្រោមកម្មវីធីជំនួយសាធារណៈពីរដ្ឋាភិបាលជប៉ុន តាមរយៈការផ្តល់ស្បៀងអាហារហូបចុក និងការជួយពួកគាត់ស្វែងរករបរចិញ្ចឹមជីវិតជាដើម។ ដោយឡែក បុគ្គលិកបម្រើការជាទូទៅពុំសម្រាកនាពេលយប់ នៅឯមជ្ឈមណ្ឌលនេះឡើយ ខណៈគ្រោះអគ្គិភ័យបានកើតឡើងនាម៉ោង១១ និង៤០នាទីយប់ ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨៕ ម៉ែវ សាធី

 


ចែករំលែក៖