ព័ត៌មានទាន់ហេតុការណ៍៖

ដល់ឱសានវាទពីរសប្តាហ៍កំណត់ពីសាលារាជធានី ក៏ម្ចាស់សំណង់រំលោភប្រឡាយអូរអាគុចមិនព្រមរុះរើដោយស្ម័គ្រចិត្ត

ចែករំលែក៖

ភ្នំពេញ៖ សំណង់អត់ច្បាប់បានរំលោភលើប្រឡាយទឹកអូរអាគុច ដែលជាប្រឡាយសាធារណៈរបស់រដ្ឋ មិនត្រូវបានម្ចាស់ទីតាំងរុះរើនៅឡើយទេ បើទោះជាផុតឱសានវាទការកំណត់រយៈពេលពីរសប្តាហ៍ទុកឱកាសឲ្យម្ចាស់សំណង់រុះរើដោយស្ម័គ្រចិត្តក៏ដោយ។

ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាអាជ្ញាធរក្នុងខណ្ឌសែនសុខបានអះអាងថា សំណង់ដ៏រឹងមាំសង់បំពានលើអូរអាគុច នៅតែមិនទាន់បានរុះរើ។ ម្ចាស់សំណង់អាចបំពានទៅនឹងការកំណត់របស់សាលារាជធានីភ្នំពេញ ទើបនៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលរងខណ្ឌសែនសុខ ទទួលបន្ទុកសំណង់ ក៏បានបញ្ជាក់ប្រាប់នគរវត្តយ៉ាងដូច្នេះផងដែរថា «តាមពិតបញ្ហាសំណង់ល្មើសច្បាប់នេះ ត្រូវបានសាលារាជធានីភ្នំពេញទុកឱសានវាទឲ្យគាត់២សប្តាហ៍ ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ប៉ុន្តែអ្វីដែលគាត់មិនបានបំពេញកាតព្វកិច្ចគឺជាកំហុសឆ្គង ហើយអាជ្ញាធរមិនទទួលខុសត្រូវ ប្រសិនបើមានករណីរុះរើដោយបង្ខំណាមួយពីអាជ្ញាធរ និងសមត្ថកិច្ច»។ លោកបន្តថា ករណីនេះ ស្ថិតក្នុងចំណាត់ការរបស់សាលារាជធានីភ្នំពេញ។ ដោយឡែកលោក ឡេងឌី ម្ចាស់សំណង់អត់ច្បាប់ និងសង់រំលោភបំពានលើប្រឡាយអូរអាគុច ហាក់មានជំហរមិនទទួលស្គាល់ចំពោះចំណាត់ការសាលារាជធានីភ្នំពេញ តាមទូរស័ព្ទលោកបានប្រាប់នគរវត្តថា សំណង់និងដីដែលគាត់បានសាងសង់ គឺមានប្លង់រឹងត្រឹមត្រូវ ដែលទទួលស្គាល់ពីអាជ្ញាធរ សង្កាត់ ខណ្ឌ និងទិញបន្តពីម្ចាស់មុនតាំងពីឆ្នាំ២០០៤មកម្ល៉េះ ។ លោកបន្តថា ខ្ញុំមិនជំទាស់ទេ ចំពោះចំណាត់ការអាជ្ញាធរខណ្ឌ និងសាលារាជធានីភ្នំពេញ ប៉ុន្តែករណីនេះ គួរធ្វើឲ្យមានតុល្យភាពគ្នារវាងសំណង់របស់គាត់ជាមួយនឹងសំណង់ប្រជាពលរដ្ឋផ្សេងទៀតនៅប៉ែកខាងកើតអូរអាគុច សុទ្ធតែសង់រំលោភបំពានលើអូរយ៉ាងច្រើន ចុះហេតុអ្វីមិនមានចំណាត់ការ?

គួររំលឹកថា តាមច្បាប់ភូមិបាល អាជ្ញាធរ ក៏ដូចជាជំនាញភូមិបាលមិនអនុញ្ញាតចេញប័ណ្ណកម្មសិទ្ធិទៅលើបុគ្គលណាមួយចំពោះបឹង បួរ ស្ទឹង ទន្លេ ប្រឡាយ ។ល។ ព្រោះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ។ ដូច្នេះ ករណីម្ចាស់សំណង់ខាងលើបានអះអាងថា ខ្លួនមានប្លង់រឹង មានន័យថា អាជ្ញាធរសង្កាត់ ខណ្ឌកន្លងទៅអាចឃុបឃិតគ្នាចេញលិខិតកាន់កាប់នេះទាំងបំពាន ហើយអាជ្ញាធរខណ្ឌ ក៏ដូចភូមិបាលមានសិទ្ធិក្នុងការលុបប័ណ្ណកម្មសិទ្ធិនេះចោល ឬមិនទទួលស្គាល់ ទើបឈានដល់សាលារាជធានីភ្នំពេញសម្រេចឲ្យមានការរុះរើ និងទុកឱសានវាទរយៈពេល២សប្តាហ៍ដើម្បីឲ្យម្ចាស់សំណង់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ចៀសវាងការខូចខាត បាត់បង់ សម្ភារ ទ្រព្យសម្បត្តិណាមួយ ពេលដែលអាជ្ញាធរមានសមត្ថកិច្ច ធ្វើការរុះរើដោយបង្ខំនោះ ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា សំណង់រឹងមាំមូយនេះត្រូវបានសាលារាជធានីភ្នំពេញទុករយៈពេល២សប្តាហ៍ដើម្បីរុះរើ គឺគិតចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ហើយសំណង់នេះស្ថិតនៅលើចិញ្ចើមផ្លូវ លើប្រឡាយអូរអាគុច តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានទំហំ៨ម៉ែត្រគុណនឹង២៣ម៉ែត្រ ៕ តុង សីហា


ចែករំលែក៖