ព័ត៌មានទាន់ហេតុការណ៍៖

ថាបោកបោកមែន! ធ្វើល្បិចជាបង្ហាញឲ្យឃើញលុយច្រើនខំទុកចិត្តឲ្យខ្ចីម៉ូតូនិងទូរស័ព្ទ៥គ្រឿងចុងក្រោយយកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ នេះមិនមែនជារឿងដែលទើបនឹងកើតមាននោះទេ ក្រុមចោរតែងតែមានល្បិចកលផ្សេងៗសម្រាប់បោកប្រជាពលរដ្ឋជាញ៉ាក់ញាប់ ដូច្នេះយើងត្រូវឈ្វេងយល់ដឹង និងប្រុងប្រយ័ត្ន។ ជាក់ស្តែងយុវជនម្នាក់ជាអ្នកជុសជួលទូរស័ព្ទដៃ ត្រូវបានជនសង្ស័យម្នាក់ប្រើល្បិចបោកយកម៉ូតូម៉ាកអាយខន១គ្រឿង និងទូរស័ព្ទចំនួន៥គ្រឿង រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីឆបោកនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅកន្លែងជួសជុសទូរស័ព្ទមួយកន្លែង តាមផ្លូវលេខ៣០ម៉ែត្រ ក្នុងភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្នោះ នាក់ លាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតក្នុងភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ចំណែកម្ភារបាត់បង់រួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាអាយខន ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AK-0766 និងទូរស័ព្ទដៃចំនួន៥គ្រឿងទៀត។

តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានមកកន្លែងគាត់ចំនួន៤លើកមកហើយ និងបានបញ្ចូលបទចម្រៀង បង្កើតកម្មវិធី ហើយជនសង្ស័យក៏ធ្លាប់ពឹងឲ្យខ្លួនជួយបើកគណនីវីងក្បែរផ្ទះរបស់គេមួយផងដែរ។

ជនរងគ្រោះបន្តថា លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានមកអង្គុយនៅតូបរបស់ខ្លួនតាំងពីព្រឹកមកម្ល៉េះ ដោយមានស្ពាយកាបូប ហើយបានពឹងឲ្យរូបគេបង្កើតកម្មវិធីកោសឆ្នោតផ្សងសំណាង រួមទាំងទិញទាំងភេសជ្ជៈ ចែកអ្នកជិតខាងហូបគ្រប់គ្នាផងដែរ។ លុះដល់រសៀលថ្ងៃដដែល ជនសង្ស័យក៏ទិញភេសជ្ជៈយកមកចែកអ្នកក្បែរខាងឲ្យហូបទៀត រួចសួររកទិញទូរស័ព្ទ ដោយប្រាប់ថាប្អូនស្រីពឹងឲ្យជួយទិញ តែមិនដឹងថា យកម៉ាកមួយណា។ ខណៈនោះ ជនសង្ស័យក៏បានធ្វើជារ៉ូតកាបូបបង្ហាញលុយ ហើយដាក់ផ្ញើរនៅនឹងខ្លួន(ជនរងគ្រោះ) រួចសុំខ្ចីម៉ូតូ ដោយកាន់ទាំងទូរស័ព្ទចំនួន៥គ្រឿង ប្រាប់ថា ជិះយកទៅឲ្យប្អូនស្រីរើសមួយភ្លែត ស្រាប់តែទៅបាត់រហូតតែម្តង។

ក្រោយមក ទើបដឹងថាចាញ់ល្បិចជនសង្ស័យ អស់ម៉ូតូ១ គ្រឿង និងអស់ទូរស័ព្ទដៃ៥គ្រឿងទៀត ក៏រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ ដើម្បីឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវរកមុខជនល្មើសយកមកចាត់ការតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖