ព័ត៌មានទាន់ហេតុការណ៍៖

សរសេររដ្ឋធម្មនុញ្ញជាថ្មីអនាគតលោកអាល់ អាសាដ ស្រពេចស្រពឹល

ចែករំលែក៖

បណ្តាប្រទេសដែលបានចូលរួមនៅ ក្នុងកិច្ចប្រជុំស្តីពីសន្តិភាពស៊ីរី ដែលបាន ធ្វើឡើងនៅទីក្រុង Sochi ប្រទេសរុស្ស៊ីបាន ព្រមព្រៀងគ្នា សរសេររដ្ឋធម្មនុញ្ញជាថ្មី ឡើងវិញនៅក្នុងប្រទេសស៊ីរី ដើម្បីបញ្ចប់ វិបត្តិ។

កាលពីថ្ងៃទី៣០ ខែមករាឧបការីអង្គ ការសហប្រជាជាតិ ទទួលបន្ទុកស៊ីរី លោក Steffan De Mistura បានសរសេរថា ប្រទេសដែលចូលរួមនៅក្នុងកិច្ចប្រជុំ រយៈពេល ពីរថ្ងៃនៅទីក្រុងស៊ូជី បានព្រមព្រៀងគ្នា បង្កើតគណៈកម្មការ រៀបចំច្បាប់ធម្មនុញ្ញថ្មី ដែលមានសមាជិក១៥០រូប ក្នុងនោះមានទាំងមន្ត្រីរដ្ឋាភិបាលនិងក្រុមប្រឆាំង។

លោក Steffan De Mistura បញ្ជាក់ថា កិច្ចព្រមព្រៀងចុងក្រោយស្តីពីការបង្កើត គណៈកម្មាធិការ ធម្មនុញ្ញខាងលើ នឹងត្រូវ រៀបចំឡើងដោយ អង្គការសហប្រជាជាតិ ពឹងផ្អែកទៅលើសេចក្តីសម្រេចលេខ២២ ៥៤ របស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសនេះ។ មន្ត្រីមកពីក្រុមប្រឆាំងស៊ីរីបញ្ជាក់ថា វាជាការចាំបាច់ក្នុងការបង្កើតឲ្យមានតម្លាភាពក្នុងការរៀបចំរដ្ឋធម្មនុញ្ញថ្មី និងបោះឆ្នោតទៅលើ រដ្ឋធម្មនុញ្ញថ្មី។

ប៉ុន្តែជោគវាសនារបស់ប្រធានាធិបតីស៊ីរី អាល់ អាសាដ ដែលជាចំណុចសំខាន់នៅក្នុងកិច្ចពិភាក្សានាពេលកន្លងមកមិនត្រូវបានលើកមកនិយាយនោះឡើយក្នុង កិច្ចប្រជុំនៅទីក្រុងស៊ូជី។

គណៈកម្មការពិភាក្សាស៊ីរី SNC របស់ ក្រុមប្រឆាំង បានចោទប្រកាន់ លោកអាល់ អាសាដនិងរុស្ស៊ីថា បានបន្តប្រើប្រាស់កម្លាំង យោធា ដោយមិនបានបង្ហាញពីឆន្ទៈនៅ ក្នុងកិច្ចពិភាក្សា ដោយស្មោះត្រង់។

នៅក្នុងសេចក្តីប្រកាសក្រោយកិច្ចប្រជុំមាន១២ចំណុចបញ្ជាក់យ៉ាងច្បាស់ថា «ស៊ីរី គឺត្រូវតែជាប្រទេសប្រជាធិបតេយ្យ គ្មាន បក្ខពួកសេរីភាពសាសនា ជាតិសាសន៍និង តម្លាភាពភេទ»។ជាមួយគ្នានោះក៏ត្រូវគោ រពអធិបតេយ្យភាពស៊ីរី។

ប្រទេសរុស្ស៊ី បានលេចចេញជាអ្នក ដើរតួចម្បង ក្នុងជម្លោះនៅស៊ីរី តាមរយៈ កិច្ចអន្តរាគមន៍យោធារបស់ខ្លួនចាប់ផ្តើមតាំងពីខែកញ្ញាឆ្នាំ ២០១៥ ដែលបាន ជួយលោក អាសាដ ឲ្យដណ្តើមយកបាន មកវិញ ដែនដីភាគច្រើននៃប្រទេស។ រុស្ស៊ីដោយសហការជាមួយ អុីរ៉ង់ និង ទួរគី បានចាត់ចែងឲ្យប្រព្រឹត្តទៅ នៅក្រុង អាស្តាណា រដ្ឋធានីកាហ្សាក់ស្ថាន ជាកិច្ចចរចាដែលបាននាំទៅកាន់ការបង្កើតឡើងជា បួនតំបន់សន្តិសុខ នៅស៊ីរីអនុញ្ញាតឲ្យបន្ធូរបន្ថយភាពតានតឹងលើសមរភូមិ ប៉ុន្តែមិនទាន់ជួយកែប្រែលទ្ធផលនេះ ឲ្យរំកិល រកដំណោះស្រាយនយោបាយបានទៅមុខ ឡើយ។

ការប្រកែកនៃក្រុមប្រឆាំងធំៗ និងពួកគួដឌីស្ថានមិនចូលរួមក្នុងសមាជនៅក្រុងសូតឈីបន្ថែមលើ បរាជ័យនៃកិច្ចចរចា ក្រុងវីយែន ទំនងជាបញ្ជាក់អំពីភាពទ័ល ច្រកនៃដំណោះស្រាយនយោបាយ ឲ្យ ជម្លោះនៅស៊ីរីដែល ចាប់តាំងពីឆ្នាំ២០១១ មកបានផ្តាច់ជីវិតមនុស្ស អស់ជាង៣សែន ៤ ម៉ឺននាក់ទៅហើយ៕ ម៉ែវ សាធី


ចែករំលែក៖