ភ្នំពេញ៖ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង ស្រាប់តែលេចដំណឹងមានផ្ទៃពោះពី៣ទៅ៤ខែក្រោយ បានភ្ជាប់ទំនាក់ទំនងស្នេហ៍ស៊ីជម្រៅជាមួយនាយ កៃដ ហើយថែមទាំងបានសែនព្រេនជាមួយគ្នានៅមុខចាស់ទុំទាំងសងខាង និងរួមរស់នឹងគ្នាជាប្ដីប្រពន្ធ។
បន្ទាប់ពីធ្លាយរឿងចំណងស្នេហាក្រៅឆាករវាងនាង ខ្ញុង និងនាយ ពាក់មី អស់រយៈពេលជាយូស្រាប់តែមានលេចធ្លាយរឿងស្នេហារវាងនាងខ្ញុង នឹងនាយ កៃដ ដែលគេស្ទើរតែមិនជឿ។
អ្នកទាំងពីរបានសម្រេចចិត្តសែនព្រេនក្រាបផ្ទឹមយកគ្នាធ្វើជាប្ដីប្រពន្ធនៅមុខចាស់ទុំទាំងសងខាងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ចំថ្ងៃ ថ្ងៃឡើងផ្ទះនាងខ្ញុងតែម្ដង ។ ប្រភពពីអ្នកកំប្លែងរួមក្រុមតារាស្រីរូបនេះបានលើកឡើងថា ពេលនេះខ្ញុងកំពុងពរពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយនាយ កៃដ ដែលពេលនេះកូនក្នុងផ្ទៃមានវ័យទើបនឹង៣ទៅ៤ខែប៉ុណ្ណោះ។
ប្រភពបន្តថា ខ្ញុង បានចាប់ផ្តើមផ្អាកទទួលការងារសិល្បៈមួយចំនួនពិសេសការងារ ដែលនៅឆ្ងាយៗតាមខេត្ត ព្រោះតែត្រូវថែទាំកូនក្នុងផ្ទៃ ខណៈដែលនាយ កៃដ ប្រឹងស្ទើរគ្មានពេលសម្រាកនោះ។
ទោះជាយ៉ាងណានៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាកំប្លែងស្រីរូបនេះបាននៅឡើយទេ។ ប៉ុន្តែអ្នកសិល្បៈលើកឡើងថាខ្ញុងពិតជាចង់បានកូនភ្លាមៗក្រោយសែនព្រេននឹងនាយ កៃដ បើទោះបីជាពួកគេមិនបានរៀបការតាមការគ្រោងទុកក្តី។ ក្រោយចាប់ដៃគ្នាជាប្តីប្រពន្ធខ្ញុងនិងនាយ កៃដ បានដុតដៃដុតជើងខ្លាំងទាំងក្នុងការងារសិល្បៈ និងមុខជំនួញជាហូរហែរ។ ជាញឹកញាប់គេបានឃើញភាពផ្អែមល្ហែមខ្លាំងរបស់ពួកគេបានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ប្រភពបន្តថា ខ្ញុងចង់ឲ្យកូនក្នុងផ្ទៃជាកូនស្រី ខណៈដែលកូនប្រុសនាងជាមួយប្តីមុនមានវ័យជិត១០ឆ្នាំដែរហើយ ៕ វឌ្ឍនា