ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថានរងការចោទប្រកាន់ថាបានផ្តល់ទីជម្រកដល់ក្រុមតាលីបង់

ចែករំលែក៖

នៅក្នុងសកម្មភាពថ្មីបំផុត ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani កាលពីថ្ងៃទី២ ខែកុម្ភៈ បានចោទប្រកាន់ប៉ាគីស្ថានថា បានផ្តល់ទីជម្រកដល់ក្រុមភេរវកម្មតាលីបង់ លាក់ខ្លួនដោយសុវត្ថិភាព។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតី Ghani បានស្នើដល់ប៉ាគីស្ថាន ត្រូវតែចាប់ផ្តើមធ្វើសកម្មភាពជាបន្ទាន់ ចំពោះក្រុមបង្កភាពចលាចលនៅក្នុងប្រទេសច្រើនជាងការសន្យា។

ប្រធានាធិបតីអាហ្វហ្គានីស្ថានក៏បានបញ្ជាក់ទៀតថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងផ្តល់បញ្ជីឈ្មោះបុគ្គលដែលបានឡើងគម្រោងវាយប្រហារនៅទីក្រុងកាប៊ូលនាពេលកន្លងមក ហើយសង្ឃឹមថា ប៉ាគីស្ថាននឹងមានសកម្មភាពច្បាស់លាស់ទៅលើក្រុមភេរវកម្មទាំងនោះ។

កាលពីដើមសប្តាហ៍កន្លងមក ក្រសួងការបរទេសប៉ាគីស្ថានបានប្រគល់ក្រុមតាលីបង់២៧នាក់ មកពីក្រុមតាលីបង់ និងបណ្តាញ Haqqani ឲ្យទៅអាហ្វហ្គានីស្ថាន ដើម្បីចោទប្រកាន់ទោស។

ទំនាក់ទំនងរវាងប៉ាគីស្ថាន នឹងអាហ្វហ្គានីស្ថាន ប្រឈមមុខតានតឹងដាក់គ្នាក្រោយពេលទីក្រុងកាប៊ូលចោទប្រកាន់ទីក្រុងអ៊ិស្លាមម៉ាបាតមិនសហការប្រឆាំងភេរវកម្ម។ មិនតែប៉ុណ្ណោះ ប៉ាគីស្ថានបានបញ្ជូនក្រុមភេរវកម្មទៅកាន់អាហ្វហ្គានីស្ថានវាយប្រហារទៀតផងរយៈពេលកន្លងមក។

ការចោទប្រកាន់ប៉ាគីស្ថានថា ជាទីតាំងលាក់ខ្លួនរបស់ក្រុមភេរវកម្មតាលីបង់ធ្វើឡើងក្រោយពេលដែលអាហ្វហ្គានីស្ថានរងការវាយប្រហារភេរវកម្មនៅកណ្តាលទីក្រុងកាប៊ូលបានសម្លាប់មនុស្សប្រមាណ១០៣នាក់។ ចំពោះករណីនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានសម្ដែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ហើយថែមទាំងបានទាមទារឲ្យមានការធ្វើសកម្មភាពដោយមិនរុញរាដើម្បីប្រឆាំងទៅនឹងក្រុមតាលីបង់។

ក្រោយភេរវកម្មនៅកាប៊ូលនេះកើតឡើង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានសម្ដែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយលោកបានសម្ដែងនូវការថ្កោលទោសទៅលើក្រុមតាលីបង់ ដែលត្រូវបានគេស្គាល់ថា ជាក្រុមភេរវជននៅពីក្រោយរឿងបំផ្ទុះគ្រាប់បែកកន្លងមក។

លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកនៅតែប្តូរផ្ដាច់ក្នុងការគាំទ្រឲ្យអាហ្វហ្កានីស្ថានឲ្យមានសុវត្ថិភាព និងមិនមានភេរវកម្មមកលើសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងប្រទេសដទៃទៀតដែលពុំគាំទ្រនូវមនោគមវិជ្ជាអាក្រក់របស់ពួកគេ។

លោកបានបន្ថែមទៀតថា ឥលូវនេះប្រទេសទាំងអស់គួរធ្វើសកម្មភាពដោយមិនរួញរាក្នុងការប្រឆាំងទៅនឹងក្រុមតាលីបង់ និងបក្ខពួកដទៃទៀតដែលជួយគាំទ្រពួកគេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានចោទប្រកាន់ប៉ាគីស្ថានថា បានផ្តល់ទីជម្រកដល់ក្រុមតាលីបង់ ហើយអាមេរិកក៏បានសម្រេចកាត់ជំនួយរាប់រយលានដុល្លារដល់ប្រទេសនេះ។ ប៉ុន្តែប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់ខាងលើរបស់អាមេរិកពីការផ្តល់កន្លែងលាក់ខ្លួនដោយសុវត្ថិភាពដល់ក្រុមតាលីបង់៕ ម៉ែវ សាធី


ចែករំលែក៖