ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឡើងផ្លូវធំមិនប្រយ័ត្នត្រូវរថយន្តបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តតាកែវ៖ ជនរងគ្រោះម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ដោយសារតែត្រូវរថយន្តមួយគ្រឿងបុក ខណៈដែលរូបគេបើកម៉ូតូពីផ្លូវលំឡើងផ្លូវធំមិនប្រយ័ត្ន ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទីសៅរ៍ ទី៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង១១នឹង៣៥នាទី នៅលើផ្លូវ1TK1 ស្ថតិក្នុងភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ។

នគបាលស្រុកអង្គរបុរី បានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ជា ឆូយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបរម៉ូតូម៉ាក ស៊ុយសូគី រេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប ២១៦៧ ភព១ ចំណែករថយន្តម៉ាក ហ៊ីនយានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1725 បើកបរដោយឈ្មោះ សួង ម៉ូវ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ៩៥ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើបើកម៉ូតពីផ្លូលំ ឡើងមកផ្លូវធំបម្រុងនឹងឆ្លងផ្លូវមិនប្រយ័ត្ន ក៍ត្រូវរថយន្តមួយគ្រឿងបើកមកពីទិសខាងជើងបុកតែម្តង។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរបុរី ដើម្បីបំពេញបែបបទបន្ត ៕ ភ្នំដា


ចែករំលែក៖