ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្លន់មានគ្នា៥នាក់ ប្រើកាំបិតបុ័ងតោកាប់ប្លន់ម៉ូតូជនរងគ្រោះ ពេលកំពុងជិះម៉ូតូចេញពីផឹកស៊ីក្នុងបន្ទប់ជួលមិត្តភ័ក្តិ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ ម្នាក់បានរងរបួសធ្ងន់ដោយសារក្រុមចោរប្លន់មានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូជនរងគ្រោះបានសម្រេច ខណៈដែរជនរងគ្រោះជិះចេញពីផឹកស៊ីក្នុងបន្ទប់ជួលមិត្តភ័ក្តិ កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ ទីតាំងនៅផ្លូវវត្តអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមសម្តីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ពៅ បេឡា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (រងរបួសធ្ងន់) ត្រូវ៤កាំបិតបុ័ងតោ ក្បាល២កន្លែង ដៃខាងឆ្វេង និងគូទខាងឆ្វេងដែរ។ ចំណែកអ្នករួមដំណើរឈ្មោះ ម៉ុន ចាន់ធូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជិតគ្នា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ ៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GK-1499 (ត្រូវក្រុមចោរប្លន់យកទៅបានសម្រេច)។

បើយោងតាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះឈ្មោះ ម៉ុន ចាន់ធូ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្តិម្នាក់ទៀត បាននាំគ្នាផឹកស៊ីជាមួយគ្នាក្នុងបន្ទប់ផ្ទះជួល កើតហេតុខាងលើ ពេលផឹកស៊ីរួចជនរងគ្រោះនិងខ្លួនគេ បាននាំគ្នាចេញពីបន្ទប់ជួលមិត្តភក្តិ គោលបំណងទៅបន្ទប់ជួលរបស់ខ្លួនវិញ ។ លុះជិះម៉ូតូចេញមកដល់ច្រកទ្វារផ្ទះជួលមិត្តភក្តិ(ទីតាំងកើតហេតុ) ស្រាប់តែឃើញចោរមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកមកស្ទាក់មុខម៉ូតូពួកគេ ហើយភ្លាមនោះមានចោរម្នាក់ក្នុងចំណោម៥នាក់ បានយកកាំបិតបុ័ងតោ ធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះទាំង២នាក់ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យត្រូវជនរងគ្រោះជាអ្នកបើកម៉ូតូ បានផ្តួលម៉ូតូចោលរត់ចូលក្នុងបរិវេណផ្ទះជួលមិត្តភក្តិវិញ ដើម្បីឲ្យគេជួយបង្កការភ្ញាក់ផ្អើលតែម្តង ។ ភ្លាមនោះក្រុមជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់អស់ ។ ចំណែកជនរងគ្រោះរងរបួសជាច្រើនកាំបិត បណ្តាលឲ្យឈាមហូរស្រោចពេញក្បាល ត្រូវបានមិត្តភ័ក្តិដែលអង្គុយខាងក្រោយរងរបួសស្រាល ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុភ្លាមៗដែរ ហើយបានឲ្យមិត្តភក្ដិជនរងគ្រោះជិះជាមួយមកបំភ្លឺប្រាប់សមត្ថកិច្ច ដើម្បីធ្វើកំណត់ហេតុ និងកត់សម្គាល់មុខសញ្ញាទាំងនោះស្វែងរកចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ៕ស តារា


ចែករំលែក៖