ខេត្តមណ្ឌលគិរី៖ អគ្គិភ័យបានឆាប ឆេះផ្សារក្រុងសែនមនោរម្យមួយប៉ប្រិចភ្នែកសោះបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង ៣នាក់ទៀតរងរបួស ព្រមទាំងតូបលក់ដូរ រួមទាំងសម្ភារជាច្រើនត្រូវខូចខាតអស់ ទាំងស្រុង ។
ហេតុការណ៍ឆេះផ្សារបណ្តាលឱ្យស្លាប់មនុស្សក្នុងភ្នក់ភ្លើងនេះបានកើតឡើកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈាន ចូលថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វ ស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្សារសែន មនោរម្យ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ។
ពេលកំពុងមានភ្លើងឆាបឆេះនោះលោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរីបានចុះទៅធ្វើអន្តរាគមន៍បញ្ជាកម្លាំង សមត្ថកិច្ចផ្ទាល់ឲ្យយករថយន្តពន្លត់អគ្គិ ភ័យ៨គ្រឿងដើម្បីបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ប្រហែល ២០០រថយន្តទើបអាចគ្រប់គ្រងអគ្គិភ័យ មួយនេះបាន ។
លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានឱ្យដឹងថា តូបក្នុងផ្សារ សរុបរួម២៧៩តូប ត្រូវភ្លើងឆាបឆេះអស់ ប្រហែល២២០តូប ខូចខាតទំនិញ និង សម្ភារអស់គ្មានសល់ ។
លោកអធិការបានបន្តថា ក្នុងចំណោមប្រជាពលរដ្ឋជាអាជីវករសរុបមាន២៧៩គ្រួសារ ស្មើនឹង៩៩៥នាក់ (ស្រី៤៩៣ នាក់)។ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះថ្នាក់ ដោយសារអគ្គិភ័យឆាបឆេះផ្ទះ និងតូប មានចំនួន៦១០នាក់ ស្រី២៩៨នាក់ដោយ រងរបួសធ្ងន់៣នាក់ និងស្លាប់២នាក់មាន ទី១-ឈ្មោះ សេង ប៉ូ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរលក់ដូរ និងទី២-ឈ្មោះ តូច ណាវីន ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្ស។
ចំណែកអ្នករងរបួស៣នាក់មាន ទី១-ឈ្នោះ ង៉ូវ ពិសី ភេទស្រី អាយុ២១ឆ្នាំ មុខ របរលក់ដូរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន សុខ បញ្ញា, ទី២-ឈ្មោះ ម៉ក់ សុភ័ក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យឯកជនសុខបញ្ញា និងទី៣-ឈ្មោះ ម៉ក់ សេងវ៉ុន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកក្រុងសែនមនោរម្យ ។
លោកអធិការបានបញ្ជាក់ថា សម្ភារ ដែលរងការខូចខាតក្នុងហេតុការណ៍នេះពុំទាន់ដឹងតួលេខពិតប្រាកដនៅឡើយទេ ព្រោះអាជ្ញាធរ និងសមត្ថកិច្ចជំនាញកំពុងចុះត្រួតពិនិត្យស្រង់ស្ថិតិចំនួនខូចខាត សម្រាប់ឧបត្ថម្ភជំនួយសង្គ្រោះដល់ពួក គាត់។ អគ្គិភ័យនេះគេសង្ស័យថា កើតឡើង ដោយសារទុស្សេចរន្តអគ្គិសនី ៕ ជីវន្ត