ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ចំណុចវិជ្ជមានកំពុងតែបិទបាំងនូវចំណុចខ្សោយរបស់សេដ្ឋកិច្ចអាល្លឺម៉ង់ ត្រូវតែប្រញាប់ដោះស្រាយជាបន្ទាន់មុននឹងហួសពេល

ចែករំលែក៖

អធិការបតីអាល្លឺម៉ង់លោកស្រី អេង ហ្គោឡាមែរគែលបានលើកឡើងថា មិន ត្រូវធ្វេសប្រហែសនៅក្នុងវិស័យសេដ្ឋកិច្ចនោះ ដោយសារតែចំណុចវិជ្ជមានកំពុងតែបិទបាំងនូវភាពទន់ខ្យោយនៃសេដ្ឋកិច្ច ហើយបើមិនមានវិធានការល្អទេនោះ ភាពទន់ខ្យោយទាំងនោះនិងបង្ហាញខ្លួនជារូបរាង។

លោកស្រីបានលើកឡើងថាមិនមែនតែនៅក្នុងសហភាពអឺរ៉ុបទេ គឺទូទាំងពិភព លោកតែម្តង ដែលគ្មានប្រទេសណាមួយអាចសម្រេចបាននូវជញ្ជីងពាណិជ្ជកម្ម ដែលមានកម្រិតវិជ្ជមាន បានខ្ពស់ល្អដូច ជាអាល្លឺម៉ង់។ សូម្បីតែចិន ដែលគ្រប់គ្នា តែងតែលាន់មាត់ថា មានកំណើនសេដ្ឋកិច្ច ល្អ នាំចេញទំនិញទៅក្រៅច្រើនជាងនាំ ចូលទំនិញនោះ ក៏មិនអាចស្មើនឹងអាល្លឺម៉ង់ ដែរ។ ក៏ប៉ុន្តែ ទន្ទឹមនឹងជញ្ជីងពាណិជ្ជកម្ម ដ៏ល្អរបស់អាល្លឺម៉ង់នេះ ធ្វើឲ្យរដ្ឋាភិបាលសប្បាយក្អាកក្អាយ ក៏មានអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនធំ បានក្រើនរំលឹកថា ចំណុចវិជ្ជមានកំពុងតែបិទបាំងនូវចំណុចខ្សោយ របស់សេដ្ឋកិច្ចអាល្លឺម៉ង់ ដែលរដ្ឋាភិបាល ត្រូវតែប្រញាប់ ដោះស្រាយជាបន្ទាន់មុន នឹងហួសពេល។

ក្នុងឆ្នាំ២០១៧ នរណាខ្លះ ដែលភ័យ ខ្លាចសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារតែវិបត្តិចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស និងក្រោយការឡើងកាន់តំណែងរបស់ លោក ដូណាល់ ត្រាំ? សម្រាប់អាល្លឺម៉ង់ សេដ្ឋកិច្ចឆ្នាំ២០១៧ មានតែដើរទៅមុខ យ៉ាងល្អ។ ជញ្ជីងពាណិជ្ជកម្មរបស់អាល្លឺ ម៉ង់ ល្អលើសចិនទៅទៀត។ នៅថ្ងៃទី ៨កុម្ភៈនេះ វិទ្យាស្ថានស្ថិតិអាល្លឺម៉ង់ នឹង ចេញផ្សាយនូវតួលេខផ្លូវការ ស្តីពីជញ្ជីង ពាណិជ្ជកម្មនេះ។

តែបើតាមតួលេខរបស់វិទ្យាស្ថានសេដ្ឋកិច្ច ទីក្រុងមុយនិច ដែលចុះផ្សាយកាល ពីដើមខែមករា បានបង្ហាញថា ឆ្នាំ២០១៧ បើគេយកចំនួនទឹកប្រាក់នៃការនាំចេញ ទៅដក នឹងទឹកប្រាក់នៃការនាំចូល គឺមាន សល់ដល់ទៅ ២៥៧ពាន់លានអឺរ៉ូ។ មាន ន័យថា អាល្លឺម៉ង់ នាំផលិតផលខ្លួនចេញ ទៅក្រៅ លើសការនាំចូលផលិតផល បរទេស ដល់ទៅជាង២រយពាន់លានអឺរ៉ូ ពោលគឺស្មើនឹង ៧%នៃ ផលិតផលដុលក្នុង ស្រុកសរុប។

នរណាមិនទទួលស្គាល់ ផលិតផល Made in Germany ? ប៉ុន្តែស្របគ្នា ជា មួយនឹងមោទនភាពនេះ សហគ្រិនអាល្លឺ ម៉ង់ ក៏ដូចជាអ្នកជំនាញវិភាគសេដ្ឋកិច្ចជាច្រើន បានចាប់ផ្តើមព្រួយបារម្ភនិងចោទ សួរថា តើមានអ្វីខ្លះ ដែលជាផលអវិជ្ជមាន នៃជញ្ជីងពាណិជ្ជកម្ម ដ៏ល្អរបស់អាល្លឺម៉ង់ នេះ?

កន្លងមក បញ្ហានេះ ត្រូវបានគេធ្លាប់ លើកយកមកនិយាយ នៅក្នុងក្របខ័ណ្ឌ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារកណ្តាល របស់អឺរ៉ុប ក៏ដូចជាពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោក Mario Draghi ទេសាភិបាលធនាគារកណ្តាលអឺរ៉ុប ធ្លាប់បានបន្ទោសរដ្ឋាភិបាលអាល្លឺម៉ង់ថា ជញ្ជីង ពាណិជ្ជកម្មរបស់អាល្លឺម៉ង់ ដែលផ្អៀងខ្លាំង និងជាប្រចាំ ម្តងហើយម្តងទៀត ទៅរកតែ ខាងការនាំចេញ គឺវានឹងជះផលអាក្រក់ មកលើប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចអន្តរជាតិទាំងមូល។ លោកបន្ថែមថា រដ្ឋាភិបាលអាល្លឺម៉ង់ ដូចជាមិនសូវប្រឹងប្រែងក្នុងការកាត់បន្ថយភាពខុសគ្នានេះណាស់។ លោកបន្តថា រដ្ឋាភិបាលអាល្លឺម៉ង់ គួរតែចាប់ផ្តើមអភិវឌ្ឍបន្ថែមការបោះទុនសាធារណៈរបស់រដ្ឋ ជំរុញឲ្យមានការវិនិយោគឯកជន ឬក៏ ដំឡើងប្រាក់ខែដល់បុគ្គលិក ដើម្បីឈានទៅដំឡើងអំណាចទិញរបស់ប្រជាជន និងជំរុញឲ្យមានការនាំចូលកាន់តែច្រើន។

ជានិច្ចកាល តំណាងក្រសួងសេដ្ឋ កិច្ចអាល្លឺម៉ង់ តែងតែឆ្លើយតបមកវិញថា គេមិនអាចធ្វើអ្វី ឲ្យបានលើសនេះទេ ក្នុង ការកាត់បន្ថយគម្លាត់ នៃជញ្ជីងពាណិជ្ជ កម្ម។ ធ្វើយ៉ាងម៉េចទៅ បើផលិតផលអាល្លឺ ម៉ង់ កំពុងត្រូវប៉ាន់ និងលក់ដាច់ម្លឹងៗ? ការនាំចេញរបស់អាល្លឺម៉ង់ បានកើនឡើង ក៏ដោយសារតែតម្លៃប្រាក់អឺរូបានថយចុះ។ ក្រៅពីនេះ នៅមានអត្រាការប្រាក់ចុះថោក ព្រមជាមួយនឹងតម្លៃប្រេងដែលចុះផងដែរនោះ ធ្វើឲ្យតម្លៃផលិត ក៏កាន់តែចុះទៅតាម នោះ។ ទាក់ទិននឹងការដំឡើងប្រាក់ខែបុគ្គលិក រដ្ឋាភិបាលគ្មានតួនាទីអ្វីទេ។ គឺដៃគូ ក្នុងវិស័យការងារ រវាងតំណាងនិយោជក នឹងសហជីពតំណាងនយោជិតទេ ដែល ត្រូវរួមគ្នាដោះស្រាយរឿងនេះ។

ជាការពិត អំណះអំណាងដោះសាទាំង អស់នេះ គឺវាមិនខុសទាំងស្រុងទេ។ ក៏ ប៉ុន្តែ វាក៏បានបង្ហាញថា រដ្ឋាភិបាលអាល្លឺ ម៉ង់ មិនមានសមត្ថភាព និងមិនមានឆន្ទៈ ក្នុងការដោះស្រាយវា។ ឬអាចហៅថាជាការធ្វេសប្រហែសក៏ថាបាន។ អ្នកជំនាញ សេដ្ឋកិច្ចខ្លះ ដូចជាលោក ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចទីក្រុងប៊ែរឡាំង បាន និយាយថា រាប់ឆ្នាំមកហើយ ដែលរដ្ឋអាល្លឺម៉ង់មិនសូវយកចិត្តទុកដាក់ចំណាយប្រាក់វិនិយោគទេ។ រដ្ឋអាល្លឺម៉ង់ ព្រួយបារម្ភ ណាស់ ខ្លាចតែចាយលុយហួសកម្រិត កើតទៅជាបំណុលសាធារណៈ។ វិធាន ច្បាប់រឹតត្បិតការចំណាយថវិការដ្ឋ ដែល បានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៅឆ្នាំ២០០៩ ក្រោយវិបត្តិហិរញ្ញវត្ថុសកលលោកនោះ បានធ្វើឲ្យអាជ្ញាធររដ្ឋអាល្លឺម៉ង់ គ្រប់ជាន់ ថ្នាក់ ត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវ ចាយប្រាក់ដោយខ្ជះខ្ជាយឡើយ។

ផលវិបាកនៃការរឹតត្បិតការចំណាយ នេះ គឺធ្វើឲ្យការវិនិយោគសាធារណៈ មាន កាន់តែតិចទៅៗ។ សម្ភារសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ផ្លូវដែក សាលារៀន មន្ទីរពេទ្យ នៅតាមតំបន់ខ្លះ កំពុងត្រូវពុកផុយ ដោយសារតែរដ្ឋមិន ចង់ចំណាយប្រាក់ មកជួសជុល ឬទិញថ្មី ដាក់។ មិនត្រឹមតែប៉ុណ្ណោះ ហេដ្ឋារចនា សម្ព័ន្ធនៃបណ្តាញអុីនធើណេត ដែលចាំ បាច់បំផុត ក្នុងវិស័យសេដ្ឋកិច្ចបច្ចេកវិទ្យា ក៏អាល្លឺម៉ង់ នៅតែយឺតយ៉ាវដែរ។

បច្ចុប្បន្ននេះ កង្វះនៃការវិនិយោគ លើ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ តែងតែ ត្រូវគេលើកមកនិយាយថា សហព័ន្ធនិយោជកឧស្សាហកម្មអាល្លឺម៉ង់ ធ្លាប់បានលើក ឡើងថា បើសិនជាធ្វេសប្រហែស អាល្លឺម៉ង់ នឹងដើរក្រោយគេ មិនអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងបានទេ។ ជាក់ស្តែងការ បោះទុន ទៅលើបណ្តាញអុីនធើណេត ល្បឿន លឿន ទូទាំងប្រទេស ដែលគេចង់ធ្វើឲ្យបានចប់នៅឆ្នាំ២០២៥នោះ គឺជា គម្រោងដែលមិនគ្រប់គ្រាន់ទេ។ ទម្រាំ ដល់ឆ្នាំ២០២៥ ក្រុមហ៊ុនគេរត់ចេញទៅ បោះទុនរកស៊ី នៅប្រទេសផ្សេងអស់បាត់ ទៅហើយ៕ ម៉ែវ សាធី

 


ចែករំលែក៖