ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌចំណាយពេល៧ម៉ោងបំបែកសំណុំរឿងឃាតកម្មវាយសម្លាប់មនុស្សនៅស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីកើតហេតុអំពើឃាតកម្មវាយសម្លាប់មនុស្សនៅស្រុមម៉ាឡៃរួចហើយ កម្លាំងនគរបាលផែនព្រហ្មទណនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការនឹងកម្លាំនគរបាលស្រុកម៉ាឡៃ ក្រោមការអនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំកម្លាំងប្រតិបត្តិការផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលបានបើកការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការចាប់ខ្លួន ជនសង្ស័យជាឃាតកដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីឃាតកម្មកើតឡើង ភូមិបល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ លើជនរងគ្រោះ ឈ្មោះ ឈឹម ខ្លី ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិខាងលើ បណ្តាលឲ្យស្លាប់ ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ឃុត រ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ ក្នុងភូមិជាមួយ មូលហេតុទំនាស់ពាក្យសំដីក្នុងពេលផឹកស៊ី ។

នៅក្នុងករណីនេះ កម្លាំងជំនាញបានប្រតិបត្តិការ ចាប់ខ្ជួនជនសង្ស័យបានទាំងយប់នៅវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយកម្លាំងនគរបាល បានបន្តអនុវត្តតាមនីតិវិធី ។

ជនសង្ស័យកំពុងតែស្ថិតនៅការឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖