ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ៧១នាក់បានធ្លាក់ ពេលចាប់ផ្តើមហោះហើរចេញពីអាកាសយានដ្ឋាននៅក្នុងទីក្រុងមូស្កូប្រទេសរុស្ស៊ី ។
សារព័ត៌មាន RT និងបណ្តាញព័ត៌មានក្នុងស្រុកបានដកស្រង់ព័ត៌មានពី មន្ត្រីសន្តិសុខអាកាសចរណ៍បានឲ្យដឹងថា ៖ យន្តហោះដឹកអ្នកដំណើរធុនតូច Antonov An 148 របស់ក្រុមហ៊ុន អាកាសចរណ៍ Saratov Airlines ដឹកអ្នកដំណើរ ៦៥នាក់ និងក្រុមពហុនិកា៦នាក់ បានបាត់ទំនាក់ទំនងក្រោយចាកចេញពីអាកាសយានដ្ឋាន Domodedovo ក្នុងទីក្រុងមូស្កូ។
សារព័ត៌មាន Interfax បានផ្សាយថា«យន្តហោះបានដាំក្បាលបុក ដីនៅជិតភូមិ Argunov ជាយក្រុងមូស្កូ ។ ក្រុមពហុនិកានិងអ្នកដំណើរគ្មានឱកាសនៅរស់នោះឡើយ»។ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន រុស្ស៊ីបានឲ្យដឹងថា នៅពេលនេះ ស្ថាប័នពាក់ព័ន្ធកំពុងតែបញ្ជាក់ពី ការធ្លាក់យន្តហោះខាងលើ ។
យន្តហោះដឹកអ្នកដំណើរជួបគ្រោះថ្នាក់ខាងលើគឺហោះហើរចេញពី អាកាសយានដ្ឋាន Domodedovo ក្នុងទីក្រុងមូស្កូ ឆ្ពោះទៅកាន់ទីក្រុង Orsk ស្ថិតនៅជាយក្រុង ជាប់ព្រំដែន រុស្ស៊ី និង កាហ្សាស្ថាន ។
នៅពេលនេះ ក្រុមអ្នកជំនាញកំពុងតែស្រាវជ្រាវ បញ្ជាក់ពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង ។ ព័ត៌មានលម្អិតស្តីពីគ្រោះថ្នាក់ខាងលើមិនទាន់បានប្រកាសឲ្យដឹងនៅឡើយ៕ មែវ សាធី