ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ កំណើនមនុស្សចាស់ក្នុងប្រទេសកម្ពុជានឹងកើនឡើងប្រមាណ១លាន៥សែននាក់ នៅ ឆ្នាំ២០២៥ដូច្នេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវគិតគូរ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បាន បញ្ជាក់ថា៖ ចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជា នឹងកើនឡើងស្ទើរតែទ្វេដង នៅឆ្នាំ២០២៥ ប្រមាណ១លាន ៥សែននាក់ ហើយនេះ គឺជាសារមួយដ៏មានសារសំខាន់ ដែលតម្រូវឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវគិតគូរ យកចិត្តទុកដាក់ អំពីយន្តការ ដើម្បីគាំពារផ្តល់នូវភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្តជូនដល់ជនចាស់ជរាទាំងអស់នោះ ចៀស វាងទុកពួកគាត់ឲ្យនៅឯការតែម្នាក់ឯងគ្មានទីស្នាក់អាស្រ័យ។

លោកឃួង ស្រេង បានបញ្ជាក់បែបនេះ កាលពី រាត្រីថ្ងៃសៅរ៏១០រោច ខែមាឃឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៨ នៅសាលាខណ្ឌពោធិ៍សែន ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាល និងពិសាអាហារសាមគ្គីជួបជុំមនុស្សចាស់អតីតមន្រ្តីរាជការកងកម្លាំងចូលនិវត្តន៍ក្នុងខណ្ឌពោធិ៍សែនជ័យ។

លោកបានបន្ដថា៖ រាជរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់ឯកសារ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧_២០៣០ដែលជាឯកសារដ៏មានសារសំខាន់សំដៅជួយកសាងសំណាញ់សុវត្ថិភាពមួយនិងអភិវឌ្ឍន៍នូវប្រព័ន្ធគាំពារសង្គមដល់មនុស្សចាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសង្គតិភាពទៅនឹងស្ថានភាពវិវឌ្ឍន៍នៃសង្គមជាតិ និងបំណងប្រាថ្នាប្រជាជនកម្ពុជា។ ការបង្កើតនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នេះ គឺជាកិច្ចខិតខំប្រឹងប្រែងបន្ថែមសម្រាប់លើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់ ការយកចិត្តទុកដាក់ធានាសុខុមាលភាពមនុស្សចាស់ក្នុងសង្គម ដើម្បីធ្វើឲ្យសង្គមខ្មែរជាសង្គមប្រកបដោយបរិយាប័ន្ន។

ទន្ទឹមនឹងនេះក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានីភ្នំពេញ បាន បង្កើតឲ្យមានសមាគមមនុស្សចាស់នៅតាមបណ្តាសង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ គឺសេនាធិការដ៏សំខាន់ក្នុងការងារនេះ។ ជាការពិត ពិធីនៅថ្ងៃនេះ ក៏ដូចជារៀងរាល់ឆ្នាំ គឺដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំពារ ថែរក្សា ផ្តល់តម្លៃ និងលើកទឹកចិត្តចំពោះមនុស្សចាស់ ដែលជាប្រភពនៃបទពិសោធន៍មិនចេះរីងស្ងួត សម្រាប់មនុស្សវ័យក្មេងជំនាន់បច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត។

លោកបន្តថា សម្តេចតេជោ មិនដែលបោះបង់ចោលមនុស្សចាស់ ឬអ្នកចូលនិវត្តន៍ឡើយ មិនមានន័យថាឲ្យតែចូលនិវត្តន៍ត្រូវបានបោះបង់ចោលនោះទេ ពោលគឺមានតែការបន្ថែមការថែទាំតាមរយៈការងារសង្គមនានា ជាច្រើនបន្តបន្ទាប់ ក្នុងនោះអ៊ុំ ពូ មីង អាចធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅរាជធានីភ្នំពេញ ដោយមិនគិតកម្រៃសេវា។ លើសពីនេះទៀត ការជួបជុំប្រារព្ធពិធី នេះ គឺដើម្បីជាការរំលឹកដល់គុណូបក្ការៈចំពោះបងៗមន្រ្តីរាជការអ៊ុំពូមីងទាំងអស់ ដែលធ្លាប់បានចូលរួមចំណែកស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញក្នុងរយៈពេលជាច្រើនឆ្នាំងកន្លងមក។

លោកក៏បានស្នើដល់មន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសមន្រ្តីវ័យក្មេង ត្រូវយកចិត្តទុកដាក់ គាំពារ ថែរក្សា ផ្តល់តម្លៃទំនុកបម្រុង និងលើកទឹកចិត្តចំពោះមនុស្សចាស់ តាមគ្រប់មធ្យោបាយ ដើម្បីភាពសុខដុមរមនារវាងមនុស្សចាស់ និងសង្គមមនុស្សក្មេង ក៏ដូចជារក្សាបាននូវប្រពៃណី ដ៏ល្អផូរផង់របស់បុព្វបុរសយើង ដែលមានវប្បធម៌នៃការគោរព ឱនលំទោនពី មនុស្សក្មេង ទៅកាន់មនុស្សចាស់ និងចាត់ទុកមនុស្សចាស់ជាឧបការីជន ពីមួយជំនាន់ទៅមួយជំនាន់។

លោក ឃួង ស្រេង ក៏បានផ្តាំផ្ញើ ដល់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវប្រកាន់ខ្ជាប់នូវជំហរជាអ្នកការពារ និងបម្រើប្រជាជនដោយស្មោះត្រង់ តាមរយៈការធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់របៀបរៀបរយ ផ្តល់ការអភិវឌ្ឍ និងផ្តល់សេវាសា ធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ និងត្រូវចូលរួមទប់ស្កាត់ឲ្យបានទាន់ពេលវេលាតរាល់ទង្វើអសកម្ម ដែលអាចធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ ឬអាចបង្កឲ្យមានការថ្នាំងថ្នាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពិសេសត្រូវដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈបណ្តាញទូរស័ព្ទ និងតាមបណ្តាញសង្គមហ្វេសប៊ុក ឲ្យបានទាន់ពេលវេលា ដោយមិនគិតពីនិន្នាការនយោបាយណាឡើយ។

ក្នុងស្មារតីជំរុញឲ្យមានការគិតគូរដល់មនុស្សចាស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី៧ខែឧសភាឆ្នាំ១៩៩៩ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជារៀបចំទិវាមនុស្សចាស់អន្តរជាតិ និងជួយជនចាស់ជរាដែលមាន លោករដ្ឋមន្រ្តីក្រសួងសង្កមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ជាប្រធាន ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះដែរ ក្រៅពី ពិសអាហារ សាមគ្គីហើយនោះអ៊ុំ ពូ មីង ក៏ទទួលបានការជួយឧបត្ថម្ភ

ជាប្រាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងម្នាក់ៗទទួល បាន១០ម៉ឺនរៀលផងដែរ ៕ សំរិត

 


ចែករំលែក៖