ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់កាលពីម៉ោង១ជាងយប់ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅមុខច្រកចូលបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យនិងដកហូតកាំភ្លើងខ្លីម៉ាកK54ចំនួនមួយដើមដោយសង្ស័យពាក់ព័ន្ធនិងអំពើប្លន់បាញ់សម្លាប់បុរសជនជាតិខ្មៃរអំឡុង១ឆ្នាំមុន លុះព្រឹកឡើង ក៏បន្តតាមចាប់បក្ខពួកប្រុសស្រីចំនួន៧នាក់ថែមទៀតយកមកសាកសួរ។
ជនដែលឃាត់ខ្លួនបានកាលពីយប់ឈ្មោះ Dai Xun ភេទប្រុសអាយុ៣៧ឆ្នាំកាន់លិខិតឆ្លងដែន EA926438 និងឈ្មោះ Pu yijiang ភេទប្រុសអាយុ៣០ឆ្នាំគ្មានលិខិតឆ្លងដែន កាន់អាវុធខ្លី១ដើមម៉ាកk៥៩ ។ អ្នកទាំងពីរស្នាក់ផ្ទះជួល ក្នុងបុរីញូថោន កន្លែងកើតហេតុ។ ចំណែក៧នាក់ទៀត ដែលកម្លាំងបន្តស្រាវជ្រាវឃាត់ខ្លួននោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុវេលាម៉ោង១យប់ កម្លាំងនគរបាលបានចេញល្បាត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះល្បាតដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញ ជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ដោយស្ពាយកាបូប ដោយមានការសង្ស័យ នៃភិនភាគជនសង្ស័យ ប្រហាក់ប្រហែលនិងជនសង្ស័យ បានបាញ់ប្លន់ជនជាតិចិន នៅក្នុងហាងសៀវភៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ កាលពីអំឡុងជិត១ឆ្នាំមុន ទើបហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យមើល ពេលនោះជនសង្ស័យបានលូកដៃចូល ក្នុងកាបូបបម្រុងយកអាវុធ ទើបនគរបាលចាប់ដៃជាប់ហើយទះ១ដៃ បណ្តាលឲ្យជនសង្ស័យ ដួលធ្លាក់កាំភ្លើងពីដៃ រួចក៏ឃាត់តែម្តងទៅ ។
ក្រោយសាកសួរជនសង្ស័យរួច ព្រឹកឡើងទើបកម្លាំងនគរបាលបានបន្តទៅឃាត់ខ្លួន ជនជាតិចិន៧នាក់ទៀត នៅក្នុងបន្ទប់ជួលដែលជាបក្ខពួកពួកគេ រួចបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធីច្បាប់ ៕ សុខាសែនជ័យ