ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាកោះប្រជុំវិសាមញ្ញនៅថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់កំណត់ទោសលើអ្នកប្រមាថព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីរសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត តាមរបៀបវារៈដោយមានលទ្ធផលរួម មាន៖

១-អង្គប្រជុំបានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាដល់គណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភាពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

២-អង្គប្រជុំបានអនុម័តកោះប្រជុំជា វិសាមញ្ញតាមសំណើរបស់រាជរដ្ឋាភិបាល កម្ពុជាដើម្បីពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ដែលមាន៖

២.១. សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា ៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មីនៃរដ្ឋ ធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ។

២.២.សេចក្តីព្រាងច្បាប់ស្តីពីវិសោធន កម្មក្រមព្រហ្មទណ្ឌ ។

២.៣. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ច្បាប់ស្តីពីការរៀប ចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។

២.៤.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ។

៣-អង្គប្រជុំបានសម្រេចបញ្ចូលក្នុង របៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញគឺ៖

៣.១.សេចក្តីព្រាងច្បាប់ស្តីពីវិសោធន កម្មក្រមព្រហ្មទណ្ឌ ។

៣.២. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។

៣.៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ។

៤-អង្គប្រជុំបានសម្រេចសមាសភាពលេខាធិការ៣រូបសម្រាប់សម័យប្រជុំរដ្ឋ សភាជាវិសាមញ្ញ នីតិកាលទី៥មាន ៤.១. លោក ចេវ គឹមហេង, ៤.២. លោកស្រី ឯម ប៉ុណ្ណា, ៤.៣. លោក នាង ចាន់ណាក់ ។

៥-អង្គប្រជុំបានកំណត់កាលបរិច្ឆេទ សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥នៅព្រឹកថ្ងៃពុធ ១៤រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ នឹងទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ។

រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នោះដែរគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តតាម របៀបវារៈមួយចំនួនដូចជា សេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញ និងកោះប្រជុំ វិសាមញ្ញ។ ក្រោយបញ្ចប់កិច្ចប្រជុំនេះរដ្ឋ សភាបានប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាពិនិត្យនិងសិក្សាមុននឹងបញ្ជូនទៅអនុម័ត ។

ដោយឡែកសម្រាប់កិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនឹងមានរបៀបវារៈមួយចំនួនដូចជា៖

១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌដែលកំណត់ទោសកាន់តែ ធ្ងន់សម្រាប់ជនណាមួយដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រ ។

២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា ៣១ និងមាត្រា៣២នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅក្រុមប្រឹក្សាធម្មនុញ្ញ ។

៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ៕ ហេង សូរិយា


ចែករំលែក៖