ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយចេញទៅរកស៊ីប្រទេសថៃទុកកូនឲ្យនៅជាមួយជីដូនជីតា តែបែរជាត្រូវលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ ក្មេងស្រីម្នាក់បានលង់ទឹកត្រពាំងស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយចេញទៅធ្វើការនៅប្រទេសថៃ ដោយទុកឲ្យនៅជាមួយជីដូនជីតាជាអ្នកមើលថែ ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២និង២០នាទីរសៀល នៅភូមិត្រពាំងទន្លេ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តាកែវ។

នគរបាលស្រុកបូរីជលសារ បានឲ្យដឹងថា ក្មេងរងគ្រោះខាងលើមានឈ្មោះ ឯម លីតា ភេទស្រី អាយុ ០២ឆ្នាំ ដែលមានឪពុកឈ្មោះ រឿន រ៉ុន អាយុ ៣៤ឆ្នាំ និងម្តាយឈ្មោះ ប៊ូ គន្ធា អាយុ ២៥ឆ្នាំ ដែលសព្វថ្ងៃទាំង២នាក់ប្តីប្រពន្ធបានចំណាកស្រុកទៅប្រទេសថៃ ដោយទុកឲ្យកូនស្រីរស់នៅជាមួយជីដូនជីតា តែនៅថ្ងៃកើតហេតុដោយមានការធ្វេសប្រហែស ក្មេងស្រីខាងលើបាន ចុះមើលត្រីចិញ្ចឹមក្នុងត្រពាំងខាងជើងផ្ទះចម្ងាយប្រហែល២៥ម៉ែត្រ ហើយក៏រអិលជើងចូលទឹកត្រពាំងបណ្តាលឲ្យលង់ស្លាប់តែម្តង ៕ ភ្នំដា


ចែករំលែក៖