ភ្នំពេញ៖ ការផ្លាស់ប្តូរទ្រនុំច្រៀង បាននឹងកំពុងតែធ្វើឲ្យស្ថានភាពប្រជាប្រិយភាពរបស់តារាចម្រៀងជាច្រើនមានការប្រែប្រួល។ ដំណឹងចុងក្រោយ ដែលទទួលបានគឺ អតីតជយលាភីThe Voice Cambodia រដូវកាលទី១ ប៊ុត សីហា កំពុងត្រៀមខ្លួនចុះកិច្ចសន្យាជាផ្លូវការជាមួយផលិតកម្មថោនហើយ ក្រោយពីជ្រកក្រោមដំបូងហង្សមាសមួយរយៈពេល តែមិនមានសន្ទុះខ្លាំងនោះ ។
ទីផ្សារចេញច្រៀងរបស់ ប៊ុត សីហា ហាក់មិនហក់ឡើងខ្លាំង ដូចតារាចម្រៀងរួមដំបូលឡើយ ពិសេសបើធៀបជាមួយតារាចម្រៀង ដែលកើតចេញពីការប្រឡងចម្រៀងនៅទូរទស្សន៍ហង្សមាស ។ ការមិនអាចប្រជែងទីផ្សារចម្រៀងបាន បូករួមទាំងការលេចលឺថា តារារូបនេះបានដាក់ខ្លួនច្រៀងក្នុងកម្មវិធីមង្គលការសាមញ្ញៗនោះ កាន់តែធ្វើឲ្យតារារូបនេះស្ងប់ស្ងាត់ខ្លាំង ។
ទោះជាយ៉ាងណា ក្តីសង្ឃឹមថា នឹងអាចដុះឡើងជាថ្មីក្រោយពីមានការទម្លាយថា តារាប្រុសរូបនេះ នឹងចុះកុងត្រាច្រៀងជាផ្លូវការជាមួយផលិតកម្មថោន ។
ប្រភពពីអ្នកជិតដិតលើកឡើងថា ប៊ុត សីហា ហាក់ បាត់បង់ឱកាសច្រើននៅហង្សមាស ទោះបីជាលោកជាម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលដំបូងគេក្តី។
តាមប្រភពបានឱ្យដឹងដែរថា លោ ប៊ុត សីហា ត្រៀមនឹងវេចបង្វេចទៅតាមរៀមច្បងរបស់គេមួយចំនួន ដែលបានចាកចេញទៅកាន់ផលិតកម្មនេះ តួយ៉ាងមានដូចជា យក់ ឋិតរដ្ឋា, ឈិត សុវណ្ណបញ្ញា, សុន ស្រីពេជ្រ និងម៉ៅ ហាជីជាដើម។
ប្រភពបន្តថា អតីតជ័យលាភីរូបនេះ អាចនឹងមានអនាគត ប្រសិនបើចុះកុងត្រាច្រៀងឱ្យផលិតកម្មថោនពិតមែន ព្រោះតែផលិតកម្មនេះ យកចិត្តទុកដាក់ និងឱ្យតម្លៃលើទេពកោសល្យតារាចម្រៀងក្មេងៗ ជាពិសេសអ្នកមានសមត្ថភាពដូចជា ប៊ុត សីហា នេះតែម្ដង ។
ទាក់ទងការត្រៀមចុះកុងត្រាឱ្យផលិតកម្មថោននេះ លោក ប៊ុត សីហា មិនអាចសុំការបកស្រាយបាននោះទេ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ដោយឡែកលោក ករុណា ពេជ្រ ដែលជាអ្នកចាត់ការទូទៅរបស់ថោន ក៏មិនអាចទាក់ទងសុំការបញ្ជាក់បានដូចគ្នា។
ប្រភពមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា លោក ប៊ុត សីហា ហាក់ អស់ជំនឿលើផលិតកម្មរស្មីហង្សមាស ដែលខ្លួនប្រឡងជាប់លេខ១ ក្នុងកម្មវិធីThe Voice Cambodia នាពេលកន្លងទៅ ព្រោះតែគ្មានបទចម្រៀងណាមួយអាចទាក់ទាញការគាំទ្រពីទស្សនិកជននោះទេ ក្នុងនាមជាម្ចាស់ពានកម្មវិធីលំដាប់អន្តរជាតិនោះ ៕ វឌ្ឍនា