ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបើករថយន្តបំបុកនគរបាលចរាចរណ៍ដែលកំពុងអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ នៅខណ្ឌឫស្សីកែវ។
អត្តសញ្ញាណបុរសរូបនេះ ពុំទាន់ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងនៅឡើយទេ តែអ្នកច្បាប់មួយរូប អះអាងថា បុរសរូបនេះ អាចជាប់បទល្មើស”ប៉ុនប៉ងឃាតកម្ម”តាមមាត្រា២៧និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។
មន្ត្រីនគរបាលចរាចរណ៍មួយរូប បញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តនីតិវិធីនៅឡើយ ហើយនឹងបញ្ជូនបុរសរូបនេះទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នគរបាលចរាចរណ៍បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ហើយរថយន្តមួយគ្រឿងបើកចូលមក នគរបាលបានសួរនាំដើម្បីត្រួតពិនិត្យ ស្រាប់តែបុរសរូបនេះ បើកបំបុកធ្វើឱ្យនគរបាលម្នាក់ឈ្មោះហ៊ុល ចាន់រាសី របួសធ្ងន់បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត តែម្ដង។ ជនរងគ្រោះកំពុងស្ថិតក្រោមការព្យាបាលនៅឡើយ ដោយពុំទាន់បានធូរស្រាលឡើយ៕ ចេស្តា