ខេត្តឧត្តរមានជ័យ៖ មានករណីឃាតកម្មមួយកើតឡើងនៅវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅព្រៃបីឡគីឡូភូមិទំនប់អភិវឌ្ឃន៍ ឃុំអូរស្វាយស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានថ្លែងថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ខៀវ សាមី ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរកសិករ ត្រូវជាប្ដី ជនរងគ្រោះបានយកដំបងវាយ និងយកកាំបិតកាប់ដំឡូងអារកប្រពន្ធ ឈ្មោះ សុីន ឆេន អាយុ ៤៣ ឆ្នាំ មុខរបរកសិករ រស់នៅភូមិពាម ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។
សមត្ថកិច្ចបន្តថា អំពើហិង្សានេះកើតឡើងមូលហេតុជនសង្ស័យស្រវឹងស្រា ហើយទាស់សម្តីគ្នាប្ដីប្រពន្ធ ដោយឡែក ជនសង្ស័យក្រោយធ្វើសកម្មភាពពុំបានរត់គេចខ្លួនទៅណាទេ គឺបានប្រគល់ខ្លួនឲ្យប៉ូលិសចាប់ខ្លួនតាមសម្រួល ។
សាកសពស្ត្រីរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារយកមកផ្ទះធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន