ភ្នំពេញ៖ ព្រោះតែភ្លើងប្រច័ណ្ឌ បានធ្វើឲ្យបុរសម្នាក់សម្រេចចិត្តយកកូនកាំបិតទៅ អា.ក នារីដែលខ្លួនតាមស្រលាញ់អស់រយៈពេលជាងកន្លះខែ បណ្ដាលឲ្យរងរបួសធ្ងន់ហើយត្រូវបងប្អូនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះភ្លាមៗ ចំណែកជនដៃដល់បានដើរកាន់កូនកាំបិតពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ភ្លាមនោះបុរសម្នាក់បានបើករថយន្តមួយគ្រឿងបំបុកជនដៃដល់បណ្ដាលឲ្យដួល ហើយសមត្ថកិច្ចនៅក្បែរនោះនាំគ្នាដេញដណ្ដើមគ្នាចាប់យកទៅរៀងៗខ្លួនផងដែរ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ2018 នៅមុខសណ្ឋាគារបាលី ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនដៃដល់ឈ្មោះ ភាព ម៉ក់ អាយុ២៤ឆ្នាំ មុខរបរជាកម្មករសំណង់ មានទីលំនៅឋានស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះឈ្មោះ ខាត់ សុជា អាយុ២៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅក្បែរគ្នាជាមួយជនដៃដល់ ។
យោងតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺនារីរងគ្រោះកំពុងផឹកស៊ីច្រៀងជាមួយមិត្តភក្តិនិងបងប្អូននៅកន្លែងកើតហេតុ ស្រាប់តែជនដៃដល់ដែលជាសង្សារស្រឡាញ់គ្នានោះ មកចាប់អារ.កសម្លាប់តែម្តង ។
បើតាមប្រភពពីបុរសជនដៃដល់បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យរូបគេចាក់សម្លាប់ស្រីស្នេហ៍របស់ខ្លួន គឺខឹងសង្សារ បណ្ដើរប្រុសថ្មីចូលផ្ទះសំណាក់ រួចមកដល់ផ្ទះវិញច្រៀងខារ៉ាអូខេ ឌឺដងថែមទៀត ។
យោងសម្តីរបស់នារីរងគ្រោះបានឲ្យដឹងថា រូបនាងមិនបានស្រឡាញ់ជនដៃដល់នោះទេ គឺបុរសរូបនេះតាមស្រឡាញ់សុំស្នេហ៍នាង តែនាងមិនព្រម ហើយនៅថ្ងៃកើតហេតុ ខណៈនាងកំពុងផឹកស៊ីជាមួយមាមីនៅសំយ៉ាបផ្ទះក្រៅផ្ទះ ស្រាប់តែជនដៃដល់យកកាំបិតមកចាប់នាងបោចសក់ពីក្រោយ រួចអារ.ក តែម្តង ។
ក្រោយកើតហេតុគេឃេញកងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ទាំង២បានដណ្តើមគ្នាដើម្បីយកជនង្ស័យ ប៉ុន្តែចុងក្រោយត្រូវកងកម្លាំងរាជអាវុធខណ្ឌសែនសុខ នាំយកជនសង្ស័យទៅបាត់ ដោយឃេីញនគរបាលនិងអាវុធហត្ថនាំគ្នាដណ្តើមយកជនសង្ស័យបង្កមានការភ្ញាក់ផ្អើលពេញផ្លូវសាធារណៈមុខសណ្ឋាគារបាលីផងដែរ ។
បច្ចុប្បន្នជនដៃដល់កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ តាមនិតិវិធីច្បាប់ ៕ ស តារា