ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងតង់ស្យុងខ្ពស់ផ្អើលប្រជាពលរដ្ឋនៅផ្សារក្រោម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅផ្លូវទៅផ្សារក្រោម ស្ថិតនៅសង្កាត់ផ្សារឆ្នាំង អ្នកខ្លះរត់ចេញពីផ្ទះ និង អ្នកខ្លះទៀតប្រមូលសម្ភារចេញពីក្នុងផ្ទះចេញមក ខាងក្រៅ ក្នុងទឹកមុខភ័យស្លន់ស្លោរ បន្ទាប់ពីខ្សែភ្លើ១ខ្សែ ដែលមានកម្រិតតង់ស្យុងខ្ពស់ បានទុស្សេឆេះភ្លើងរន្ទាលរហូតដាច់ធ្លាក់មកដី ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ជិត៨យប់ ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានខ្លិនឆ្ងៀម នៅពេលចេញមកទើបឃើញ មានភ្លើងឆេះរន្ទាលក្រហមឆ្អៅ តាមខ្សែកាបអគ្គិសនីមួយដែលចែកចាយបន្តតាមផ្ទះឲ្យប្រជាពលរដ្ឋប្រើ នៅពេលនោះភ្លើងនៅតែបន្តឆេះ រហូតដល់ដល់ដាច់ខ្សែកាបអគ្គិសនីនេះធ្លាក់មកដី ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍សមត្ថកិច្ច ពេលនោះសមត្ថកិច្ចបានប្រាប់ទៅជំនាញអគ្គិសនីខេត្ត ចុះមកជួយអន្តរាគមន៍ភ្លាមៗធ្វើឲ្យភ្លើង បានរលត់ និង ដាច់ភ្លើងមួយកំណាត់ពីពាក់កណ្តាលផ្សារលើទៅផ្សារក្រោម ។

មន្រ្តីអគ្គិសនីបានឲ្យដឹងថា មូលហេតុដែលបង្កជាបញ្ហានេះឡើងគឺបណ្តាលមកពីខ្សែកាបអគ្គិសនី កកិតប៉ះគ្នា រហូតដល់ក្តៅ និងទុស្សេចេញមកបណ្តាលឲ្យឆេះដាច់តែម្តង ។ ករណីនេះមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តបង្ករឲ្យមានការភ័យដោយសារខ្លាចមានអគ្គិភ័យកើតឡើង ។

ប្រជាពលរដ្ឋបានប្រាប់ថា បើបង្កជាអគ្គិភ័យវិញនោះ មិនដឹងជាអស់ប៉ុន្មានខ្នងនោះទេ ដូច្នេះសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ៕ ចន្ថា


ចែករំលែក៖