ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនពីបទរំលោភចាប់រំលោភសេពសន្ថវៈស្រី្តរងគ្រោះម្នាក់បានសម្រេចហើយគេចខ្លួនមួយរយៈខ្លី ត្រូវស្រី្តរងគ្រោះប្តឹងសមត្ថកិច្ចឲ្យតាមចាប់ខ្លួនទាល់តែបាន ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះបានប្រព្រឹត្តទៅកាលពីម៉ោង៣ រសៀល ថ្ងៃចន្ទ៥កើតខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
នគរបាលប៉ុស្តិ៍រដ្ឋបាល អូរបែកក្អម បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដា រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិដំណាក់ហ្លួង ឃុំព្រថ្នង់ ស្រុក ទឹកឈូ ខេត្តកំពត (គ្មានសារធាតុញៀន) ។រីឯស្រ្តីរងគ្រោះឈ្មោះ ថ ស.ម អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកហាងរាត្រីពន្លឺថ្មី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
មន្រី្តនគរបាលដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាផឹកស៊ីស្រវឹងក្នុងផ្ទះជួល ហើយពេលស្រវឹងស្រ្តីរងគ្រោះបានឡើងទៅដេកនៅជាន់ឡៅតឿងខាងលើ ដោយបើកទ្វារចូលដេកក្នុងបន្ទប់តែម្នាក់ឯង។ មួយសន្ទុះក្រោយមកគ្រាដែលមិត្តភក្តិផឹកស៊ីជាមួយទៅផ្ទះអស់ ស្រាប់តែជនសង្ស័យបានឡើងតាមពីក្រោយចូលទៅបន្ទប់ស្រី្តរងគ្រោះ រួចបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចទោះបីនាងខំរើបម្រះ និងស្រែកឲ្យគេជួយយ៉ាងណាក៏ដោយ។ ពេលធ្វើសកម្មភាពបានសម្រេចជនរងគ្រោះបានទូរស័ព្ទហៅមិត្តភកិ្តរបស់ខ្លួនឲ្យមកជួយធ្វើឲ្យ ជនសង្ស័យភ័យ មានភាពភ័យខ្លាចបានផ្លោះរបងរត់ចេញទៅបាត់ ។ ក្រោយមក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ។ លុះដល់ម៉ោង ១រសៀល ជនសង្ស័យបានត្រឡប់មកផ្ទះរបស់ជនរងគ្រោះវិញ ក៏ត្រូវបានជនរងគ្រោះនិងមិត្តភកិ្តរួមជាមួយក្រុមគ្រួសារ នាំគ្នាឃាត់ខ្លួនជនសង្ស័យយកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អមធ្វើការសាក សួរ និងចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ សហការី