ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានាំទំនិញទៅកាន់ទីផ្សារអាមេរិកនៅឆ្នាំ២០១៧កើនឡើងជិត៩ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ ការនំាចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មទិញទំនិញធំបំផុតទី២របស់កម្ពុជាបានបង្ហាញពីការកើនឡើងគួរឱ្យកត់ សម្គាល់នៅឆ្នាំ២០១៧បើប្រៀបធៀបកាលពីឆ្នាំ២០១៦កន្លងទៅ ។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញមុខទំនិញនានាទៅលក់នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧មានតម្លៃទឹកប្រាក់៣.០៦៤ លានដុល្លារអាមេរិកបានកើនឡើង៨,៨៨ ភាគរយពីចំនួនទឹប្រាក់២.៨១៤លាន ដុល្លារអាមេរិកនៅឆ្នាំ២០១៦ ។

ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនជាផលិតផលវាយនភណ្ឌ កាត់ដេរ និងស្បែកជើង ព្រមទាំងប្រភេទ ទំនិញកាបូបយួរសម្រាប់អ្នកដំណើរជាដើម។ ដោយឡែកការនាំចូលមុខទំនិញនានារបស់កម្ពុជាពីសហរដ្ឋអាមេរិកវិញ មានតម្លៃទឹកប្រាក់ប្រមាណ៤០០លាន ដុល្លារអាមេរិកបានកើនឡើង១១ភាគរយ ពីចំនួនទឹកប្រាក់៣៦០លានដុល្លារអាមេ រិក។ ចំពោះមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿង អេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យ។ សហរដ្ឋអាមេរិកជាទីផ្សារ ធំបំផុតលំដាប់ទី២សម្រាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋ អាមេរិកបានស្រូបយកក្នុងរង្វង់ពី២០ទៅ ៣០ភាគរយនៃទំនិញសរុបដែលបាននាំ ចេញពីកម្ពុជា ។

កាលពីឆ្នាំ្មមុនរដ្ឋាភិបាលសហរដ្ឋបានផ្តល់ការអនុគ្រោះពាណិជ្ជកម្មពន្ធទាំងស្រុងដល់ប្រទេសកម្ពុជាសម្រាប់ប្រភេទកាបូបយួរអ្នកដំណើរចូលទៅកាន់ទីផ្សាររបស់ ខ្លួនដែលនេះជាផ្នែកមួយជំរុញឱ្យការនាំ ចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកមាន សន្ទុះកើនឡើង ។

យោងតាមស្មារតីនៃសេចក្តីប្រកាសរួមរបស់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហុងកុង រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យាថានឹងផ្តល់ឱ្យប្រទេសអភិវឌ្ឍន៍តិចតួច ក្នុង នោះរួមមានកម្ពុជាផងដែរនូវការអនុគ្រោះពន្ធនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យបានយ៉ាងតិច៩៧ភាគរយក្នុងលក្ខខណ្ឌពន្ធគយសេរី-កូតាសេរី(GSP-DFQF)របស់ អង្គការពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែគិតមកទល់នឹងពេលនេះសហរដ្ឋអាមេរិកបានផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាត្រឹមតែ ៨២,៦ភាគរយតែប៉ុណ្ណោះ។

រដ្ឋបាលលោកប្រធានាធិបតី ដូ ណាល់ ត្រាំ បានដាក់ចេញគោលនយោបាយស្តីពីការធ្វើពាណិជ្ជកម្មប្រកួតប្រជែងមាន លក្ខណៈស្មើភាពគ្នា ខណៈដែលសហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មជាមួយ

បណ្តាប្រទេសមួយចំនួនដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា ម៉ិចស៊ិក ឥណ្ឌូ នេស៊ី ថៃ និងវៀតណាមដែលមានតម្លៃចាប់ ពី១០ដល់៣០ប៊ីល្លានដុល្លារអាមេរិក។ សហរដ្ឋអាមេរិកនឹងចរចាឡើងវិញកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសដៃគូរបស់ខ្លួនទាំងនេះ ។

ដោយឡែកសម្រាប់ប្រទេសកម្ពុជាបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់អាមេរិក បានលើកឡើងនាពេលកន្លងមកថា សហ រដ្ឋអាមេរិកមិនមានបំណងចាត់វិធានការណាថ្មីនោះទេ ពោលគឺរក្សាស្ថានភាព ពាណិជ្ជកម្មនៅដដែល ព្រោះទំហំពាណិជ្ជ កម្មដែលកម្ពុជាបាននាំចូលមកសហរដ្ឋ អាមេរិកមានទឹកប្រាក់តែពី២-៣ប៊ីលាន ដុល្លារអាមេរិកតែប៉ុណ្ណោះ ៕ ហេង សូរិយា


ចែករំលែក៖