ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ នាយករដ្ឋមន្ត្រីប្រទេសអីុស្រាអែល៖ អីុរ៉ង់ជាប្រទេសគំរាមកំហែងធំបំផុតដល់ពិភពលោក

ចែករំលែក៖

ភាពតានតឹងរវាងអីុស្រាអែលនឹងអីុរ៉ង់ កាន់តែ កើនឡើង ចាប់តាំងពីកម្លាំងទាហានអុីស្រាអែលបានបើកការវាយប្រហារ រារាំងយន្តហោះគ្មានមនុស្សបើករបស់អីុរ៉ង់ ហើយ ក្រោយមក ក៏មានការប៉ះទង្គិចគ្នា ដោយ កម្លាំងយោធា រវាងអីុស្រាអែល អីុរ៉ង់និង ស៊ីរី។

នាយករដ្ឋមន្ត្រីអីុស្រាអែលលោកណេតាន់យ៉ាហូ៊បានបញ្ជាក់នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខនៅទីក្រុងមុយនិច ប្រទេស អាល្លឺម៉ង់ថា «អីុរ៉ង់ កំពុងតែស្វែងរកការ គ្រប់គ្រងតំបន់មជ្ឈិមបូព៌ា និងលើពិភព លោកទាំងមូល តាមរយៈសកម្មភាពធ្វើ សង្គ្រាមនិង ភេរវកម្ម។ អីុរ៉ង់កំពុងតែ អភិ វឌ្ឍន៍មីស៊ីលដែលអាចវាយប្រហារប្រទេសនៅអឺរ៉ុបនិងលើពិភពលោក មិនមែនតែ អាមេរិកនិងអីុស្រាអែលឬអារ៉ាប់នោះឡើយ»។

លោកណេតាន់យ៉ាហ៊ូបាន បញ្ជាក់ ទៀតថា «នៅពេលដែលអីុរ៉ង់ អាចបំពាក់អាវុធបរមាណូបាននោះការគំរាមកំហែង នឹងកើតមានឡើង ហើយមិនអាចគ្រប់គ្រង បានឡើយ ។ លោកបានស្នើឲ្យលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ប្រសិនបើប្រទេសនេះនៅតែបន្ត កម្មវិធី មីស៊ីលនិងបរមាណូនោះ។

នាយករដ្ឋមន្ត្រីអីុស្រាអែលក៏បានបញ្ជាក់ទៀតថា អុីរ៉ង់ មិនត្រូវលលេង ធ្វើតេស្តចង់ដឹងការប្តេជ្ញាចិត្តការអត់ធ្មត់ របស់អុីស្រា អែលនោះទេ។ អុីស្រាអែលនឹងមិនរារែក ចំពោះការធ្វើអន្តរាគមន៍ប្រឆាំងនឹងអុីរ៉ង់ និងសម្ពន្ធមិត្តរបស់អុីរ៉ង់នោះទេបើសិនជាការចាំបាច់។

អុីស្រាអែលចាប់ផ្តើមក្តៅស្លឹកត្រចៀក ដំឡើងសំឡេងដាក់អុីរ៉ង់ នៅក្រោយពេល យន្តហោះចម្បាំងមួយគ្រឿងរបស់អុីស្រាអែល ត្រូវបានប្រព័ន្ធការពារមីស៊ីលស៊ីរី បាញ់ទម្លាក់ កាលពីសៅរ៍ទី១០កុម្ភៈ។ នៅក្នុងរយៈពេល ៣៥ឆ្នាំចុងក្រោយនេះ នេះជាលើកទី១ហើយដែលយន្តហោះ ចម្បាំងអុីស្រាអែលផ្ទុះធ្លាក់ ដោយសារ គ្រាប់មីស៊ីលរបស់គូសត្រូវ។

នៅថ្ងៃទី១០ ខែកុម្ភៈ អុីស្រាអែលបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅវាយប្រហារលើទីតាំង ដែលអុីស្រាអែល ចោទថា ជាមូលដ្ឋានយោធា ដែលអុីរ៉ង់ បានប្រើដើម្បីបញ្ជូនយន្តហោះ ដ្រូន គ្មាន មនុស្សបើកឲ្យទៅលួចស៊ើបការណ៍នៅ ទឹកដីអុីស្រាអែល។ នៅវេទិកាក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិ ទីក្រុងមុយនិច នាយករដ្ឋមន្រ្តីអុីស្រាអែលបានលើកបង្ហាញបន្ទះដែកពណ៌បៃតង ដែលលោកអះអាង ថា ជាបំណែកយន្តហោះដ្រូន អុីរ៉ង់ ដែល អុីស្រាអែលបាញ់ទម្លាក់ កាលពី៨ថ្ងៃមុន។ ប្រមុខរដ្ឋាភិបាលអុីស្រាអែលបានចោទជាសំណួរថា តើរដ្ឋមន្រ្តីការបរទេសអុីរ៉ង់ ដែលត្រូវចូលរួមនៅក្នុងសន្និសីទនៅទីក្រុងមុយនិចដែរនោះ ទទួលស្គាល់បំណែកយន្តហោះនេះដែរឬទេ?

នាយករដ្ឋមន្រ្តី អុីស្រាអែល ដែលកំពុងរងការរិះគន់ដោយសារសំណុំរឿងពុករលួយ នៅក្នុងប្រទេស បានយកវេទិកានៅបរ ទេស ដើម្បី គំរាមធ្វើអន្តរាគមន៍ ប្រឆាំង នឹងអុីរ៉ង់ដែលបើតាមលោក កំពុងសាប ព្រោះ ពង្រឹងកម្លាំងយោធារបស់ខ្លួន នៅក្នុងបណ្តាប្រទេស ជុំវិញ អុីស្រាអែល ដូចជាគាំទ្រក្រុមហ៊ូធីនៅ យេម៉ែន ក្រុម សុីអុីត នៅអុីរ៉ាក់ ក្រុមទាហានរដ្ឋាភិបាល ស៊ីរី ក្រុមហេសប៊ូឡាហ៍លីបង់ ហើយនិង ក្រុមហាម៉ាស់ប៉ាឡេស្ទីន នៅតំបន់ហ្គា ហ្សា។ “អុីស្រាអែលនឹងមិនអនុញ្ញាតឲ្យអុីរ៉ង់ ចងខ្សែភេរវជន ដើម្បីរឹតកអុីស្រាអែលនោះ ទេ”។

សម្រាប់ប្រមុខដឹកនាំអុីស្រាអែល អុីរ៉ង់ មិនមែនជាគ្រោះថ្នាក់សម្រាប់តែអុីស្រាអែល ប៉ុន្តែ សម្រាប់ពិភពលោកទាំងមូល ព្រោះថា កិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរ កំពុងបើកផ្លូវឲ្យអុីរ៉ង់ សំងំទាញយកប្រយោជន៍ពីការដកចោលទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីលួចផលិតគ្រាប់បែកនុយក្លេអ៊ែរ។

អុីរ៉ង់បានទាត់ចោល ការចោទប្រកាន់ រហូតមករបស់អុីស្រាអែល។ សម្រាប់រដ្ឋ មន្រ្តីការបរទេសអុីរ៉ង់ លោកហ្សាវ៉ា ហ្សា រីហ្វ ដែលមានវត្តមានផងដែរ នៅទីក្រុង មុយនិច បានឆ្លើយតបថា ការលើកឡើង របស់នាយករដ្ឋមន្រ្តីអុីស្រាអែល គ្រាន់តែ រឿងត្លុកកំប្លែង ដែលអុីស្រាអែលតែងធ្វើ ឡើង ដើម្បីរករឿងអុីរ៉ង់។ លោកហ្សាវ៉ា ហ្សារីហ្វ នៅបាននិយាយថា អុីស្រាអែល ឧស្សាហ៍ប្រើយន្តហោះចម្បាំងទៅបាញ់ សម្លាប់ប្រជាជនស៊ីរី ក្នុងទឹកដីស៊ីរី ប៉ុន្តែអុីស្រាអែលមិនមាត់កអ្វីទេ។ លើកនេះ គ្រាន់ តែយន្តហោះ អុីស្រាអែលត្រូវគេបាញ់ធ្លាក់មួយគ្រឿង នាយករដ្ឋមន្រ្តីអុីស្រាអែល បំប៉ោងរឿងឲ្យធំ គឺដូចជាធ្ងន់ធ្ងរខ្លាំង ណាស់។

អីុស្រាអែលក៏បានចោទប្រកាន់អីុរ៉ង់ ថាបានជួយដល់ ក្រុម ឧទ្ទាមនៅក្នុង ប្រទេសលីបង់ និងស៊ីរី ។ នាយករដ្ឋមន្ត្រីអីុស្រាអែលបញ្ជាក់ថា លោកចង់បានសន្តិ ភាព ប៉ុន្តែ មិនអនុញ្ញាតឲ្យអីុរ៉ង់បុកគ្រឹះ មូលដ្ឋានយោធានៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយពិសេសគឺស៊ីរី។អុីស្រាអែល មានព្រំដែនជាប់ជាមួយ លីបង់ ហើយនិង ស៊ីរី។ ស៊ីរី និងអុីស្រាអែលនៅមិនទាន់ចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នា ពោលគឺ អាចផ្ទុះសង្រ្គាមដាក់គ្នា គ្រប់ពេលវេលា ដោយសារតែអុីស្រាអែលបានកាត់យកដីហ្គោឡង់របស់ស៊ីរី មកធ្វើជាទឹកដីរបស់ខ្លួន កាលពីសង្រ្គាមរយៈពេល៦ថ្ងៃជាមួយ ប្រទេសអារ៉ាប់ នៅឆ្នាំ ១៩៦៧។

នៅយប់ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ នាយករដ្ឋមន្រ្តីអុីស្រាអែលនិយាយថា អុីស្រា អែលចង់បានសន្តិភាព ប៉ុន្តែជាមួយគ្នានោះ អុីស្រាអែល នឹងមិនអនុញ្ញាតឲ្យអុីរ៉ង់ ដែលជាសត្រូវគំរាមកំហែងជីវិតរបស់អុីស្រាអែល អាចឆ្លៀតឱកាស បុកគ្រឹះទីតាំង យោធារបស់អុីរ៉ង់ ក្នុងទឹកដីស៊ីរី ដែលស្ថិតនៅក្បែរមាត់ទ្វារផ្ទះរបស់អុីស្រាអែលនោះដែរ។

ទោះជានាយករដ្ឋមន្រ្តីអុីស្រាអែលលើកឡើងបែបព្រមានយ៉ាងដូច្នេះ ប៉ុន្តែ គេមិនគិតទេថា សង្រ្គាមអុីស្រាអែលជា មួយអុីរ៉ង់ និងស៊ីរី អាចផ្ទុះឡើង នៅពេល នេះ។ នៅថ្ងៃសៅរ៍ អុីស្រាអែលគ្រាន់តែ ចង់បញ្ចេញសាច់ដុំ ជាសញ្ញាព្រមានដល់ សត្រូវរបស់ខ្លួន ដូចជាអុីរ៉ង់ ស៊ីរី និងពួក ហេសប៊ូឡាហ៍ លីបង់ថា មិនត្រូវមើលស្រាលអុីស្រាអែលនោះទេ។ ប៉ុន្តែជាមួយគ្នានោះ ដែរ ឧបទ្ទវហេតុនៅថ្ងៃសៅរ៍បង្ហាញផងដែរថា អុីស្រាអែលលែងអាចចេញចូលទៅវាយប្រហារតាមចិត្តចង់ដូចមុនលើទឹកដីស៊ីរីហើយ ព្រោះថា ស៊ីរីនៅពេលនេះ មានបំពាក់ដោយប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី និងរបស់អុីរ៉ង់ ដែលជាក់ស្តែង បានបាញ់ ទម្លាក់យន្តហោះចម្បាំងរបស់អុីស្រាអែល មួយគ្រឿងកាលពីថ្ងៃសៅរ៍ទី១០ ខែកុម្ភៈ។ នេះជាលើកទី១ ក្នុងរយៈពេល៣០ឆ្នាំចុង ក្រោយនេះ ដែលយន្តហោះចម្បាំងអុីស្រាអែលត្រូវគូសត្រូវបាញ់ទម្លាក់ក្នុងពេលធ្វើប្រតិបត្តិការ៕ ម៉ែវ សាធី

 


ចែករំលែក៖