ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកកំពុងបន្តស្តារប្រព័ន្ធធារាសាស្ត្រ​ប្រឡាយ​មេពោធិ៍​ពីរដើម​ក្នុងស្រុកមង្គលបូរី

ចែករំលែក៖

បន្ទាយមានជ័យ៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ -ក្រសួងធនធានទឹកនិងឧតុនិយមបាននឹងកំពុងបន្ត ដំណើរ​ការធ្វើការ​ស្ថាបនាស្តារឡើង​វិញ​ប្រព័ន្ធធារាសាស្ត្រ​ប្រឡាយមេពោធិ៍ពីរដើម ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បី ធ្វើឱ្យកាន់តែប្រសើរ​ឡើងថែមទៀតនូ​វ​ប្រព័ន្ធស្រោចស្រពលើ​វិស័យកសិកម្ម ពិសេសការដាំ ដុះដំណាំស្រូវ ដំណាំរួមផ្សំបានគ្រប់​គ្រាន់គ្រប់រដូវកាលនោះ ក្រោមគម្រោងថវិកា​របស់រាជរដ្ឋា ភិ​បាលកម្ពុជា។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹង​កាល​ពីរ​សៀល​ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ២០១៨ថា បន្ទាប់​ពីបានបញ្ចប់​ជំហានទី១ និងជំហានទី២ ជាស្ថាពររួចមក ប្រឡាយមេពោធិ៍ពីរដើម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការសាងសង់ ជំហានទី៣បន្តទៀត សម្រាប់ផ្គត់ផ្គង់ទឹកបន្ថែម​ដល់ការងារ​បង្កបង្កើន​ផល​ស្រូវនៅក្នុងឃុំតាឡំ និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ការសាង​សង់​ជំហានទី៣នេះ គឺ មានប្រឡាយប្រវែង ៥៨៤០ម៉ែត្រ និងបំពាក់នូវសំណង់សិល្បការ សរុបចំនួន​ ១៩កន្លែង ។ នៅពេលសាងសង់​រួច​ប្រឡាយមេពោធិ៍ពីរដើម ជំហានទី៣នេះ នឹងមានលទ្ធភាពស្រោច ស្រព​លើ​ផ្ទៃដី​ស្រូវវស្សាចំនួន ១៥១៨ហិកតា និងស្រូវប្រាំង ២៥០ហិកតា នៅក្នុងឃុំទាំងពីរ នេះដែល​កន្លង​មកតែង​ជួបបញ្ហាខ្វះខាតទឹក ជាពិសេសចំពោះ​ការធ្វើស្រូវប្រាំង។

លោក យឹម ប៉ុនរ៉ុម បានឱ្យដឹងដែរថា ក្រៅពីនេះមានប្រឡាយមួយខ្សែប្រវែងជាង ៥.០០០​​ម៉ែត្រ ដែលក្រុម​ការងារកំពុងដំណើរការសា្តរ​​ឡើងវិញជិតរួចរាល់​ហើយ ដែលជា អំណោយរបស់​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធានក្រុមការងារ​ចុះជួយមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ជួយដល់ប្រជា ពលរដ្ឋក្នុងឃុំចំណោមដែល​ស្ថិតនៅប៉ែកខាងលិច​ស្រុកមង្គលបូរី សម្រាប់នាំយកទឹកពីស្ទឹង មង្គលបូរីទៅស្រោចស្រពដំណាំ​​ស្រូវប្រាំងដែល​តែងតែធ្វើបាន​រាប់ពាន់​ហិកតា​នោះ។

ទាក់ទងទៅនឹងស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានា នៅពេលនេះ ​ លោកប្រធានមន្ទីរ​ធនធានទឹ​ក​​និងឧតុនិយម​បានឱ្យដឹងដែរថា ​អាចធានាផ្គត់ផ្គង់​ការប្រើ​​ប្រាស់​ និងការផលិតស្រូវប្រាំង ​តែសូម​ឱ្យអាជ្ញាធរ​ដែនដី សមាគមប្រើប្រាស់ទឹក ប្រជាពលរដ្ឋ​យើង​ត្រូវរួមគ្នាថែរក្សាទឹកទុក និងចេះប្រើប្រាស់ឱ្យបាន​ត្រឹមត្រូ​វ។

របាយការណ៍មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹង ថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ការងារបង្កបង្កើន​ផលស្រូវរដូវប្រាំង​ទូទាំងខេត្តធ្វើ​បាន ៣៦.១៦៨ហិកតា ស្មើនឹង ១៦៤,៤០ភាគរយនៃផែនការ ២២.០០០ហិកតា។ការប្រមូល​ផលស្រូវ​ប្រាំងនេះបាន​ប្រមាណ ១៧.៣៦០​ហិកតា ស្មើនឹង៤៨ភាគរយ ដោយទទួលបាន​ទិន្ន ផល ៤,៥០តោនក្នុង១ហិកតា៕


ចែករំលែក៖