ភ្នំពេញ៖ បុរសម្នាក់ ដើរមកពីផឹកស៊ីវិញ ឃើញប្ដីប្រពន្ធ២នាក់ កំពុងឈ្លោះប្រកែកគ្នា ស្រាប់តែមិនដឹងជាយ៉ាងម៉េចក៏ស្ទុះទាញដុំថ្មវាយក្បាលបុរសជាប្តី បណ្ដាលឲ្យរងរបួសបែកក្បាលជាច្រើនកន្លែងហូរឈាមស្រោចពេញខ្លួន រួចបុរសបង្កហេតុរត់គេចខ្លួនបាត់បន្ទាប់ពីធ្វើសកម្មភាព កាលពីវេលាម៉ោង៩យប់ ថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥១៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៍មានពីបុរសរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដោយមិនបានប្រើហិង្សាលើគ្នានោះទេ ខណៈពេលដែលគាត់កំពុងស្រែកប្រកែកជាមួយប្រពន្ធគាត់តិចតួចប៉ុណ្ណោះ ហើយក៏លេចមុខបុរសឈ្មោះ សំ ចាន់ណា ដើរចូលមកក្នុងសភាពស្រវឹងផងដែរនោះ ។ ហើយនៅពេលនោះ គាត់ស្មានតែជនដៃដល់ចូលមកជួយឃាត់ ដើម្បីកុំឲ្យឈ្លោះប្រកែកគ្នាបន្តទៀត ស្រាប់តែជននោះបានវាយគាត់មួយដៃបែកមាត់ គាត់ក៏បានរត់ដេញវាយវិញ មិនប្រយ័ត្នក៏រអិលជើងដួលផ្កាប់មុខ ស្រាប់តែឈ្មោះ សំ ចាន់ណា រត់ទៅរើសដុំថ្ម រួចស្ទុះវាយក្បាលគាត់មួយទំហឹងជាច្រើនដង បណ្តាលឲ្យបែកក្បាលជាច្រើនកន្លែង ហូរឈាមស្រោចពេញខ្លួនតែម្ដង ។
ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសបែកក្បាល ត្រូវបានក្រុមគ្រួសារនាំទៅមន្ទីរពេទ្យដេរអស់២៣ថ្នេរ ។ ចំណែកបុរសឈ្មោះ សំ ចាន់ណា ទីលំនៅមិនពិតប្រាកដ និងជាជនដៃដល់ បានរត់គេចខ្លួនបាត់ស្រមោល ។
លុះនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុនទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក និងឃាត់ខ្លួនជនបង្កយកមកចាត់ការតាមនិតីវិធីច្បាប់ ៕ ស តារា