ភ្នំពេញៈ ឱសាន្តវាទនៃការបង់ពន្ធផ្លូវឆ្នាំ២០១៧សំរាប់រថយន្តគ្រប់ប្រភេទបានបញ្ចប់ជាង១ខែទៅហើយ ពេលនេះកម្លាំងចម្រុះដឹកនាំដោយសាខាពន្ធដារខណ្ឌមួយចំនួននៅរាជធានីភ្នំពេញបានចាប់ផ្តើមធ្វើការត្រួតពិនិត្យរថយន្តអត់បង់ពន្ធផ្លូវហើយ ។
ដោយឡែកពន្ធដារខណ្ឌមានជ័យមានទីស្នាក់ការនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅបានចាប់ផ្តើមអនុវត្តវិធានការត្រួតពិនិត្យរថយន្តអត់បង់ពន្ធផ្លូវគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ១ ព្រំប្រទល់រវាងសង្កាត់ព្រែកឯងនិងសង្កាត់ក្បាលកោះ ។
ពេញមួយថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងចម្រុះដឹកនាំដោយសាខាពន្ធដារខណ្ឌមានជ័យបានត្រួតពិនិត្យរថយន្តគ្រប់ប្រភេទបើកឆ្លងកាត់គោលដៅត្រួតពិនិត្យរួមមានរថយន្តកុងតឺន័រ រថយន្តដឹកទំនិញ រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ រថយន្តតាក់ស៉ី និងរថយន្តផ្ទាល់ខ្លួន ។ ជាលទ្ធផលមានរថយន្តអត់បង់ពន្ធផ្លូវតិចតួចណាស់ ភាគច្រើនជារថយន្តផ្ទាល់ខ្លួន និងរថយន្តដឹកអ្នកដំណើរប្រភេទទួរីស ដោយឡែកម្ចាស់រថយន្តមួយចំនួនទៀតបិទសន្លឹកពន្ធបញ្ច្រាស់ ។
មន្ត្រីពន្ធដារខណ្ឌដែលដឹកនាំកម្លាំងចុះត្រួតពិនិត្យបានអោយដឹងថា តាមផែនការរបស់អគ្គនាយកដ្ឋានពន្ធដារ គឺតម្រូវអោយសាខាពន្ធដារគ្រប់ខណ្ឌចុះត្រួតពិនិត្យរថយន្តអត់បង់ពន្ធផ្លូវតាំងពីថ្ងៃទី១ ខែកុម្ភៈ មកម្លេះ ។ សម្រាប់សាខាពន្ធដារខណ្ឌមានជ័យមានការយឺតយ៉ាវបន្តិចដោយសារតែការរៀបចំឯកសារ តែពេលនេះក្រុមការងារបានបំពេញឯកសារស្របទៅតាមនីតិវិធីគ្រប់គ្រាន់ ។ តាមគោលកម្លាំងចម្រុះនិងបើកយុទ្ធនាការពេញ១ខែចំ២គោលដៅ រួមមានគោលដៅផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ និងគោលដៅមួយទៀតនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ។ ការត្រួតពិនិត្យរថយន្តអត់បង់ពន្ធផ្លូវនេះកម្លាំងចម្រុះបានបំពាក់ឧបករណ៍គ្រប់គ្រង់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ។ ចំពោះរថយន្តណាអត់បង់ពន្ធផ្លូវទិន្នន័យនៅក្នុងកុំព្យូទ័រនឹងឆ្លើយប្រាប់ភ្លាមៗ បន្ទាប់មកក្រុមការងារនិងចេញវិក័យប័ត្រអោយយកបង់ពន្ធដោយខ្លួនឯង ។ បើរថយន្តចង់បង់ពន្ធផាកពិន័យនៅកន្លែងត្រួតពិនិត្យក៍បានដែរ ព្រោះចំនួនទឹកប្រាក់ដែលត្រូវពិន័យលើការបង់ពន្ធផ្លូវកំណត់ដោយប្រព័ន្ធកុំព្យូទ័រ ។
មន្ត្រីពន្ធដារបានបន្តថា ការត្រួតពិនិត្យនេះធ្វើឡើងទៅលើរថយន្តគ្រប់ប្រភេទ ជាពិសេសរថយន្តពាក់ស្លាកលេខ ខម និង ស្លាកលេខ នប បើជារបស់អង្គភាពត្រូវតែយកឯកសារមកបង្ហាញទើបអនុញ្ញាតិអោយធ្វើចរាចរ បើជារបស់បុគ្គលហើយពាក់ស្លាកលេខ ខម ឬ នប ត្រូវតែបង់ពន្ធផ្លូវ ។ សំរាប់ថ្ងៃទី១នៃយុទ្ធនាការនេះកម្លាំងចម្រុះបានត្រួតពិនិត្យរថយន្តអត់បង់ពន្ធផ្លូវ២ទៅ៣គ្រឿងដែរ និងបានចេញវិក័យប័ត្រអោយទៅបង់ពន្ធពិន័យទៅតាមផ្លូវច្បាប់ដោយខ្លួនឯងនៅគ្រប់សាខាពន្ធដារទាំងអស់ឬតាមធនាគារ ៕សណ្តោស