ព័ត៌មានទាន់ហេតុការណ៍៖

មាស សុខសោភា ច្រានចោលដំណឹងចេញពីថោន ចូលហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីលំដាប់ជួរមុខ កញ្ញា មាស សុខសោភា ស្រាប់តែលេចចេញដំណឹងចាកចេញពីផលិតកម្មថោនដែលនាងច្រៀងអស់ជាច្រើនឆ្នាំមកហើយនោះ។ ទោះជាយ៉ាងណាបងប្រុសតារាចម្រៀងរូបនេះបានច្រានចោលដំណឹងនៃការចាកចេញរបស់ប្អូនស្រីថាជារឿងមិនពិតទៅវិញ។

ដំណឹងដ៏ភ្ញាក់ផ្អើលនេះបានកើតមានឡើងក្រោយពេលដែលសិល្បករជាច្រើនជជែកគ្នាជំវិញដំណឹងចុងក្រោយរបស់តារាចម្រៀងនាំមុខ មាស សុខសោភា បានសម្រេចចិត្តចាកចោលទ្រនុំថោន មកកាន់ហង្សមាសក្រោយពីហង្សមាសបានផ្តល់គោលការណ៍លោកទឹកចិត្តជាច្រើន។ ដំណឹងបានបន្តទម្លាយថា កញ្ញា មាស សុខសោភា បានកុងត្រាធ្វើជាតារាចម្រៀងហង្សមាសជាផ្លូវការហើយ ដោយនាងនឹងចេញបទចម្រៀងនៅក្រោយអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ ដោយខាងហង្សមាសនឹងគម្រោងយកនាងមកលើកឲ្យដូចគ្នានឹងលោកខេមរ: សិរីមន្ត ដែលមានមុខទាំងក្នុងស្ពត និងទាំងក្នុងកម្មវិធីតន្ត្រីធំៗនោះផង។

ទោះជាយ៉ាងណាដំណឹងនៃការចាកចេញរបស់ មាស សុខសោភាត្រូវបានបដិសេធដោយបងប្រុសនាងភ្លាមៗនេះដែរ។ លោក មាស សុខរតនៈដែលជាបងប្រុស និងជាអ្នកនាំពាក្យបានលើកឡើងថា លោក និងប្អូនស្រីមិនបានទៅចុះកុងត្រាចូលផលិតកម្មហង្សមាសដូចការលើកឡើងនោះទេ។ លោក និងក្រុមហ៊ុនថោន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងមិនពិតមួយនេះ។

លោកបន្តថា ប្រសិនបើប្អូនស្រីខ្លួនចុះកុងត្រាជាមួយផលិតហង្សមាសមែននោះ ខណៈនេះលោកមិនអង្គុយស្ងៀមធ្វើការនៅថោនឡើយ ប្រហែលជាទៅរៀបចំខ្លួនរង់ចាំពេលវេលាចូលទៅទ្រនំថ្មីបាត់ហើយ។ទោះជាយ៉ាងណាលោកទទួលស្គាល់ដែរថាលោក និងប្អូនស្រីពិតជាផុតកុងត្រាជាមួយផលិតកម្មថោន ប៉ុន្តែមិនមានន័យថាលោកបញ្ចប់ការងារនៅផលិតកម្មនេះទេ ហើយលោកនិងប្អូនស្រីក៏មិនបានយកចិត្តទុកដាក់លើកុងត្រានោះដែរ ព្រោះយើងធ្វើការនៅថោន ដោយក្ដីស្រលាញ់ពេញបេះដូង ដូច្នេះកុងត្រាមិនសំខាន់ទេ។ បើសិនជាយើងធ្វើការកន្លែងណាមួយផ្ដល់ស្នាមញញឹម និងភាពរីករាយដល់យើងហើយ មានរឿងអ្វីដែលត្រូវដើរចេញ”៕

គួរបញ្ជាក់ដែរថា ថ្មីៗនេះមានតារាចម្រៀងល្បីឈ្មោះជាច្រើនបានផ្លាស់ប្តូរផលិតកម្មច្រៀង ដែលនាំឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលដូចជាតារាចម្រៀង ខេមរៈ សិរីមន្ត និង នីកូ បានសម្រេចចិត្តផ្លាស់ទ្រនំពីផលិតកម្មសាន់ដេមកច្រៀងនៅផលិតហង្សមាសវិញ ហើយក៏មានតារាចម្រៀងជាច្រើនផ្លាស់ទ្រនំពីហង្សមាសទៅកាន់ផលិតកម្មថោនផងដែរ៕ វឌ្ឍនា


ចែករំលែក៖