ការប្រកួតកីឡា អូឡាំពិករដូវរងានៅ កូរ៉េខាងត្បូង គឺជាឱកាសជួយដល់កូរ៉េ ទាំងពីរ ផ្សះផ្សាគ្នា ។ នៅក្នុងពេលបើកការ ប្រកួតកីឡា កូរ៉េខាងជើង បានបញ្ជូនគណៈ ប្រតិភូជាន់ខ្ពស់ ទៅចូលរួមបើកការប្រកួត ដោយមានប្អូនស្រីបង្កើតជាតំណាង លោក គីម ជុងអ៊ុន និងជាអ្នកនាំសារផ្ទាល់ទៅ កាន់មេដឹកនាំកូរ៉េខាងត្បូង។
នៅក្នុងការបិទវគ្គនាពេលខាងមុខ ទីក្រុងព្យុងយ៉ាងនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ ជាបន្តទៀតទៅចូលរួមផងដែរ ដែលជា សកម្មភាពមួយធ្វើឲ្យកូរ៉េខាងត្បូងមាន ទំនុកចិត្តលើកូរ៉េខាងជើង ក៏ដូចជាទទួល នូវចម្លើយ លើលិខិតអញ្ជើញទៅកាន់ទីក្រុងព្យុងយ៉ាងពីប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ។
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង នឹងបញ្ជូនគណៈ ប្រតិភូជាន់ខ្ពស់មួយក្រុម ឲ្យមកចូលរួម ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវរងាលើកទី ២៣ ដែលបាននិងកំពុង បន្តប្រព្រឹត្តទៅក្នុងទីក្រុង ព្យឿងចាង (PyeongChang) ភាគខាងកើតនៃប្រទេស កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅ រសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០១៨។
គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដែលមានសមាជិក៨រូប ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកដល់រដ្ឋធានីសេអ៊ូល នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ សម្រាប់ រយៈពេល៣ថ្ងៃ ដើម្បីចូលរួមពីធីបិទការ ប្រកួតកីឡាអូឡាំពិក នៅល្ងាចថ្ងៃដដែល ក្រោមការដឹកនាំរបស់ លោក គីម យ៉ុងចុល (Kim Yong-chol) ប្រធាននាយកដ្ឋានដ៏ សំខាន់មួយ នៃគណបក្សកាន់អំណាច ទីក្រុងព្យុងយ៉ាង និងជាអតីតប្រធានការិយាល័យស៊ើបការណ៍សម្ងាត់របស់កូរ៉េ ខាងជើង។
គួរជម្រាបថា បើតាមការបង្ហើបឲ្យដឹងពីមន្រ្តីនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង ជឹង វ៉ាដេ (Cheong Wa Dae) លោក មូន ជេអុីន ក៏ទំនងជានឹងជួបស្វាគមន៍ក៏ដូចជាបើកកិច្ចពិភាក្សាផ្លូវការជាមួយ ក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងផងដែរ៕ ម៉ែវ សាធី