ភ្នំពេញ៖ រថយន្ត RANGE ROVER បុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តបង្កត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើង រងរបួសទ្រមខ្លួន ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្តុបទំនប់ទួលគោក ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ព្រុំប្រទល់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះរហូតបាត់បង់ជីវិត ឈ្មោះ តាំង ប៉ូលី ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅផ្លូវលេខ៦១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែករថយន្តបង្កម៉ាក រ៉េងរ៉ូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-1314 អ្នកបើកបររងរបួសធ្ងន់ ត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនផងដែរ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាករ៉េងរ៉ូវើ ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 2T-1314 បើកបុកម៉ូតូមួយគ្រឿងទាំងកំរោល ហើយមិនព្រមឈប់នោះទេ គឺបានបន្តបើករត់មកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុករ៉ឺម៉កលក់ផ្លែឈើខ្ទេច ហើយបុកម៉ូតូគៀបជាប់ក្រោមរថយន្តនៅចំណុចអង់តែនទួលគោក បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ រួចរថយន្តបង្កបន្តបើកបញ្ច្រាសទិសចរាចរណ៍បុករថយន្តលុច្សស៊ីស៣៣០មួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ និងម៉ូតូជាច្រើនគ្រឿង ភ្លាមនោះប្រជាពលរដ្ឋទ្រាំមិនបាន ដោយខឹងខ្លាំងពេក ក៏នាំគ្នាចាប់ក្របួចអ្នកបើកបររថយន្តបង្ក ស្វាគមន៍មួយដៃ មួយជើង រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ អារុណរះ