ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើគ្រឿងផ្ទះកំពុងតែបំផុសឲ្យពលរដ្ឋក្នុងស្រុកថាឡាបរីវ៉ាត់ចូលព្រៃកាប់ឈើអារយកមកលក់ឲ្យខ្លួន ដាក់រថយន្តតូចធំនិងរ៉ឺម៉កម៉ូតូដឹកយ៉ាងអនាធិបតេយ្យអាជ្ញាធរធ្វើមិនដឹង និងគ្មានចំណាត់ការសោះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឈើគ្រឿងផ្ទះជាច្រើនកន្លែងដាក់រាយប៉ាយពេញដងផ្លូវ និងក្នុងព្រៃតាមចម្ការ អ្នកភូមិត្រៀមដឹកជញ្ជូនតាមរថយន្តសាំយ៉ុង និងរ៉ឺម៉កម៉ូតូ ជារៀងរាល់ថ្ងៃ និងយប់គគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យ ឋិតក្នុងភូមិស្រឡៅ, ភូមិវាលដេញ, ភូមិអន្លុងក្រមួន ឃុំអន្លុងជ្រៃ, ភូមិឆ្វាំង ទួលចំបក់ ឃុំសំអាង ភូមិរំដេង ភូមិរុណ ឋិតក្នុងឃុំចម្ការលើ ក្នុងស្រុកថាឡាបរីវ៉ាត់ ។

ប្រភពពីរពលរដ្ឋរស់នៅទីនោះបាននិយាយថា សព្វថ្ងៃនេះ មិនថាយប់ ឬថ្ងៃទេ ឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រឿងផ្ទះ តាមរថយន្តតូច ធំ បង្កប់ដំឡូង និងតាមឡានសាំយ៉ុង រ៉ឺម៉កម៉ូតូយ៉ាងអនាធិបតេយ្យ មិនដែលឃើញ មានសមត្ថកិច្ច ឬសមត្ថកិច្ចជំនាញ ណាចុះបង្គ្រាប ឬទប់ស្កាត់ម្តងនោះទេ ឃើញតែឈ្មួញបំផុសឲ្យពលរដ្ឋក្នុងភូមិ និងឈ្មួញកណ្តាល ចូលព្រៃអារឈើ ដឹកយកមកលក់ឲ្យ ដោយមិនគិតពីផលប៉ះពាល់ដល់ធនធានធម្មជាតិ ព្រៃឈើដែលជាសម្បត្តិរដ្ឋ និងដីព្រៃសហគមន៍ ដែលជាដែនគ្រប់គ្រងរបស់សមត្ថកិច្ចជំនាញ ។

ប្រភពដដែលបានបន្តថា ជាពិសេសទៅទៀត ឈើដែលពករដ្ឋកំពុងតែកាប់អារដឹកជញ្ជូនរាល់ថ្ងៃនេះ គឺភាគច្រើន ចេញតំបន់ព្រៃឡង់ ដែលជាប់ព្រំប្រទល់បួន ខេត្ត គឺ១ ខេត្តស្ទឹងត្រែង ២.ខេត្តព្រះវិហារ ៣.ខេត្តក្រចេះ ៤.ខេត្តកំពង់ធំ កំពុងរងការកាប់ទន្ទ្រាន់ពីឈ្មួញបំផុសឲ្យពលរដ្ឋ ចូលកាប់ដឹកយកមកលក់ ជាថ្នូរ ដើម្បីក្រពះ បើគ្មានការទប់ស្គាត់ទេ ព្រៃឡង់ទាំងនោះ ពិតជាក្លាយជាវាលរហោឋានជាក់ជាមិនខានឡើយ ។

លោកអឿ គឹមហេង នាយសង្គាត់រដ្ឋបាលព្រៃឈើ បូនឃុំ គឹ១.ឃុំសំអាង ២.ឃុំព្រះរំគិល ៣.ឃុំអន្លុងជ្រៃ ៤.ឃុំអន្លុងភេ ឋិតក្នុងស្រុកថាឡាបរីវ៉ាត់ បានឲ្យដឹងថា លោកបានរាយការណ៍ទៅលើហើយបញ្ហារឿងនេះ លោករង់ចាំតែបទបញ្ជាទេ ព្រោះបញ្ហាឈើដែលដាក់តាមផ្លូវ រាយប៉ាយពេញផ្កូវ លោកឃើញហើយ គឺជារបស់ពលរដ្ឋ ពិបាកក្នុងការបង្គ្រាប រង់ចាំបទបញ្ជាថ្នាក់លើ លោកថា បើមានបទល្មើសជាក់ស្តែង រថយន្តដឹកជញ្ជូន លោកនឹងចាត់ការដោយផ្ទាល់ ។

គួររំលឹកថា រថយន្ត និងរ៉ឺម៉កមូតូដឹកជញ្ជូនយ៉ាងអនាធិបតេយ្យគ្មានអ្នកបង្គ្រាប ព្រោះឈ្មួញបានរត់ការផ្តល់លុយក្រោមតុ ជូនដល់សមត្ថកិច្ចជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ទើបបទល្មើសកើតមានយ៉ាងអនាធិបតេយ្យបែបនេះ​ សូម្បីតែលោកអភិបាលស្រុកឡើងថ្មី ក៏គ្មានសមតិ្ថភាពក្នុងការបង្ក្រាប ឬក៏ទប់ស្កាត់បានដែរ ៕ មាស សុផាត


ចែករំលែក៖