ខេត្តព្រះសីហនុ៖ ជនសង្ស័យជាឃាតក ដែលវាយសម្លាប់បុរសកម្មករទូកនេសាទឈ្មោះនេត សម្បត្តិ ពេលនេះត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកគីរីសាគរខេត្តកោះកុង ចាប់ខ្លួនបានហើយកាលពីថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ជនសង្ស័យ មានឈ្មោះ នេត អឿន អាយុ៤២ឆ្នាំ មុខរបរកម្មករទូកនេសាទ ។ ក្រោយចាប់ខ្លូន អាវុធហត្ថស្រុកគីរីសាគរបានបញ្ជូនជនសង្ស័យមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចាត់ការបន្តតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ផងដែរថា ទូកនេសាទមួយគ្រឿងចេញអូសត្រី បែរជាមកជាប់សាកសពមនុស្សស្លាប់អណ្តែតទឹក ផ្អើលដល់ក្រុមសមត្ថកិច្ច។ ករណីនេះ បានកើតមានឡើងនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា សពដែលស្លាប់អណ្តែតទឹកមកជាប់ក្នុងមងទូកនេសាទនេះ សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជាករណីឃាតកម្ម សពជនរងគ្រោះមានឈ្មោះ នេត សម្បត្តិ អាយុ៤៨ឆ្នាំ មានមុខរបរនេសាទ មានទីលំនៅឃុំ សាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ