ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបានបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹង ពេលកំពុងដើឆ្លងផ្លូវម្ខាងទៅផ្លូវម្ខាងទៀតបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃអាទិត្យ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលថែទាំរថយន្ត តារារស្មី តាមបណ្តោយផ្លូវ៦០៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-8950 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកស្រ្តីម្នាក់ដើរចេញពីមជ្ឈមណ្ឌលថែទាំរថយន្ត តារារស្មី ឆ្លងផ្លូវពីម្ខាងទៅផ្លូវម្ខាងទៀត ពីជើងទៅត្បូងបណ្តាលដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះដោយខ្លួនឯង។ ចំណែកខាងម្ចាស់ម៉ូតូបោកក្បាលនឹងថ្នល់រងរបួសបែកបាលខាងក្រោយយ៉ាងធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមក និងបានម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ