ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនក្រុមមនុស្សប្រុសស្រ៤នាក់ ជាមួយគ្រឿងញៀនជិត២គីឡូក្រាម ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានបញ្ជូនខ្លួនក្រុមមេក្លោងជួញដូរគ្រឿងញៀនប្រុសស្រីចំនួន ៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី។

សូមបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់បញ្ចេញឈ្មោះ និងសាវតាជាតិរបស់ជនសង្ស័យទាំង ៤នាក់ នៅឡើយទេ ដោយអាចបង្ហើបត្រឹមថា ជនសង្ស័យជាបុរស ២នាក់ ជាជនជាតិនីហ្សេរីយ៉ា ជនសង្ស័យស្ត្រីម្នាក់ ជាជនជាតិពីលីពីន និងស្ត្រីម្នាក់ទៀត ជាជនជាតិខ្មែរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួន កាលពីកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ន៤គោលដៅ ផ្សេងៗគ្នា៖

-គោលដៅទី១ នៅចំណុចខាងកើតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

-គោលដៅទី២ នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

-គោលដៅទី៣ នៅចំណុចក្នុងបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

-និងគោលដៅទី៤ នៅចំណុចហាង Big I.Z.Y តាមបណ្តោយផ្លូវលេខ ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១,៩៨៨.៩៥ក្រាម និងទូរស័ព្ទដៃចំនួន ៤គ្រឿង៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖