ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំដើម្បីណែនាំបន្ថែមលើការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា (ឆ្មាំទំនប់ និងប្រព័ន្ធធារាសាស្ត្រ) ដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត សំដៅធ្វើយ៉ាងណាឱ្យការប្រើប្រាស់មន្ត្រីទាំងនេះ បានចំគោលដៅ និងមានប្រសិទ្ធភាព ។
បន្ទាប់ពីចប់កិច្ចប្រជុំ លោករដ្ឋមន្ត្រី បានផ្តល់ម៉ូតូ ចំនួន ៤២ គ្រឿង ដល់មន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត សម្រាប់យកទៅប្រើប្រាស់ជាមធ្យោបាយក្នុងការចុះត្រួតពិនិត្យទំនប់ និងប្រព័ន្ធធារាសាស្ត្រនានា ។ សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី ២ ហើយ ដែលឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ដល់មន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត៕ សុខ ខេមរា