ព័ត៌មានទាន់ហេតុការណ៍៖

ភាគីលោកស្រី ខៀវ ណារិន សំណូមពរឲ្យអាជ្ញាធរខណ្ឌច្បារអំពៅ ឃាត់សំណង់ភាគីលោក សេង បញ្ញារិទ្ធ និងលោក សេង សិទ្ធិគុណ ខណះកំពុងមានទំនាស់

ចែករំលែក៖

ភ្នំពេញ៖ លោក សេង បញ្ញារិទ្ធ និងលោក សេង សិទ្ធិគុណ ម្ចាស់ដីឡូតិ៍ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបន្តដំណើរការសាងសង់សំណង់លំនៅដ្ឋានរបស់ខ្លួនឡើងវិញ ដោយសំអាងលើលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញលេខ០១១/១៨សស.រចុះថ្ងៃអង្គារ៍ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។

ប៉ុន្តែភាគីលោកស្រី ខៀវ ណារិន មានលំនៅដ្ឋានជាប់ព្រំដីនៃសំណង់នេះ បានប្តឹងជំទាស់និងការសាងសង់ ដោយស្នើសុំឲ្យអាជ្ញាធរខណ្ឌហាមឃាត់ផ្អាកបណ្តោះអាសន្ន រងចាំការដោះស្រាយតាមនីតិវិធី ដោយអាជ្ញាធរខណ្ឌ-ក្រុង ក៏ដូចពីជំនាញខាងមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលកំពុងធ្វើកិច្ចការនេះឲ្យគូភាគីទទួលយកបានទាំងអស់គ្នាសិន។

លោកស្រី ខៀវ ណារិន បានឲ្យដឹងថា៖ លោកស្រីគោរពតាមស្មារតី លើលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញលេខ០១១/១៨សស.រចុះថ្ងៃអង្គារ៍ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា៖ «រដ្ឋបាលរាជធានីភ្នំពេញឯកភាពជាគោលការណ៍ ជូនចំពោះសំណើសុំសាងសង់លំនៅឋានស្នាក់នៅតាមស្ថានភាពដើមឡើងវិញ»។ លោកស្រី ខៀវ ណារិន បន្តថា៖ ផ្ទុយទៅវិញ លោក សេង បញ្ញារិទ្ធ និងលោក សេង សិទ្ធិគុណ មិនត្រឹមតែមិនសាងសង់ផ្ទះតាមស្ថានដើមប៉ុណ្ណោះទេ ថែមទាំងបដិសេធរាល់ការសម្របសម្រួលជារឿយពីអាជ្ញាធរនិងជំនាញ ទោះជារដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក មាន ចាន់យ៉ាដា ជាអ្នកធ្វើការសម្របសម្រួលដោះស្រាយ កាលពីថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៨ យកគោលការណ៍ច្បាប់ ឈានដល់ការព្រមព្រៀងនៃគូភាគីទំនាស់រួចហើយ បែរជាលោកទាំង២ មិនទទួលស្គាល់ការព្រមព្រៀងនេះវិញ។

លោកស្រីក៏ស្នើសុំឲ្យ លោក សេង បញ្ញារិទ្ធ និងលោក សេង សិទ្ធិគុណ ផ្អាកការសាងសង់ផ្ទះសិន រងចាំដំណោះស្រាយត្រូវបានបញ្ចប់ និងចៀសវាងប៉ះពាល់នូវការខូចខាតណាមួយពីភាគីទំនាស់។

ដោយឡែកលោក សេង បញ្ញារិទ្ធ និងលោក សេង សិទ្ធិគុណ បានឲ្យដឹងថា៖ ខ្ញុំគោរពទៅតាមច្បាប់ទាំងអស់ នៅពេលដែលអាជ្ញាធរមូលដ្ឋានចុះមកផ្អាកសំណង់របស់ពួកខ្ញុំកន្លងមក ខ្ញុំយល់ព្រមតាមអាជ្ញាធរ តាមរយះភាគីទំនាស់ប្តឹង។ តែអាជ្ញាធរឲ្យសាងសង់តាមស្ថានដើមវិញ និងតាមច្បាប់ខ្ញុំក៏ធ្វើទៅតាមច្បាប់និងមិនបំពានពីអាជ្ញាធរ និងជំនាញនោះទេ។

ពាក់ព័ន្ធករណី ភាគីលោកស្រី ខៀវ ណារិន ក៏មិនជំទាស់ដែរបើសង់តាមស្ថានភាពដើមនៃផ្ទះដែលមានគម្លាត១,២ម៉ែត្រ ពីខាងជើងផ្ទះ (ផ្នែកខាងក្រោយ)និងគម្លាត១ម៉ែត្រពីខាងលិចផ្ទះ(ចំហៀងផ្ទះ) ដែលមានផ្ទះលេខE០E១ និងធ្លាប់មានកំណត់ហេតុទទួលស្គាល់ពីគូភាគីទាំងសង្ខាងចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧កន្លងមកនោះ។

ដោយឡែក លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ មិនអាចទាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធនិងដំណើរសាងសង់ផ្ទះរបស់លោក លោក សេង បញ្ញារិទ្ធ និងលោក សេង សិទ្ធិគុណ ហើយភាគីលោកស្រី ខៀវ ណារិន ប្តឹងជំទាស់ស្នើសុំឲ្យចុះផ្អាកជាបណ្តោះអាសន្ន ដើម្បីរកដំណោះស្រាយ កាលពីរសៀលថ្ងៃ អង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨នេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕ សិលា


ចែករំលែក៖