ព័ត៌មានទាន់ហេតុការណ៍៖

សន្និបាតសុខាភិបាលខេត្តប៉ៃលិនលើកទី១៤ពិនិត្យសមិទ្ធិផលការងារសុខាភិបាលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តឆ្នាំ២០១៨

ចែករំលែក៖

ខេត្តប៉ៃលិន៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិនជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលត្រូវណែនាំដល់គ្រូពេទ្យត្រូវយកចិត្តទុកដាក់ថែរក្សាការពារ និងព្យាបាលជំងឺផ្សេងៗប្រកបដោយគុណភាពមានប្រសិទ្ធិភាពក្នុងការលើកកម្ពស់ដល់សុខភាពប្រជាពលរដ្ឋឲ្យកាន់ល្អប្រសើរឡើងក្នុងឪកាសការអញ្ជើញក្នុងពិធីបើកសន្និបាតសុខាភិបាលខេត្តប៉ៃលិនលើកទី១៤ពិនិត្យសមិទ្ធិផលការងារសុខាភិបាលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តឆ្នាំ២០១៨ ។

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាខេត្តប៉ៃលិន មានពិធីបើកសន្និបាតសុខាភិបាលខេត្យប៉ៃលិនដោយក្រោមអធិបតីភាព លោក កើត សុធា អភិបាលខេត្តប៉ៃលិន លោកបាន ជំរុញដល់មន្រ្តីសុខាភិបាល ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ថែរក្សា ការពារ និងព្យាបាល ជំងឺផ្សេងៗ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ទៅតាមវិជ្ជាជីវៈ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងព្រមទាំងផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាឲ្យសមស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព ។

លោកបានលើកឡើងថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានអនុវត្តលើគ្រប់វិស័យជាពិសេសបានកសាងហេដ្ឋារចនាសម្ព័ន្ធមានដូចជា៖ សាលារៀនមន្ទីពេទ្យផ្លូវថ្នល់ប្រឡាយទឹកវត្តអារាមជាដើមក្នុងនោះដែរក៏មានវិស័យសុខាភិបាលបានរីកដុះដាលតាំងពីថ្នាក់កណ្តាលទីប្រជុំជនធំៗ រហូតដល់ជនបទដាច់ស្រយ៉ាល ធ្វើឲ្យប្រជាពល​រដ្ឋយើងគ្រប់ស្រទាប់អាចទទួលបាននូវសេវាសុខាភិបាលនៅគ្រប់ច្រកល្ហក ក្នុងការជំរុញលើកកម្ពស់សុខភាពប្រជាជនឲ្យកាន់តែប្រសើរថែមទៀត និងជាពិសេសការកាត់បន្ថយអត្រាមណៈរបស់មាតា និងទារកឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព ។

លោកបន្តថា៖ការផ្តល់សេវាសុខាភិបាលពិតជាមានសារៈសំខាន់ណាស់សំរាប់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាបវណ្ណៈ ដូច្នេះមន្ទីសុខាភិបាលត្រូវពង្រឹងសមត្ថភាពមន្រ្តី គ្រូពេទ្យ ធ្វើយ៉ាងណាការព្យាបាល ប្រកបដោយគុណភាព ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យបានល្អ ។ ទន្ទឹមនឹងនេះ លោកក៏សំនូមពរដល់សមាជិកសមាជិការ ដែលបានចូលរួមសន្និបាតត្រូវផ្តោតយកចិត្តទុកដាក់ខ្ពស់ ចូលរួមផ្តល់មតិយោបល់ ផ្តល់អនុសាសន៍ល្អៗ និយាយពិត តាមស្ថានភាពជាក់ស្តែង ក្នុងបរិយាកាសមិត្តភាព សាមគ្គី និងភាតៈភាព ដើម្បីជោគជ័យ និងឧត្តមប្រយោជន៍នៅឆ្នាំបន្តៗទៀត ។

បើតាមការបញ្ជាក់ពីលោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានឲ្យដឹងថា៖ក្នុងឆ្នាំ២០១៧នេះមានអ្នកជម្ងឺមកសំរាកព្យាបាលចំនួន៣៧៨៥នាក់ ក្នុងនោះមានកណីជម្ងឺគ្រុនចាញ់មាន១ ៩ ​ថយត្រឹម០.៧ភាគរយក្នុង១០០០នាក់ ។ កណីជម្ងឺកុមារនៅថេប្រហាក់ប្រហែលគ្នាបើធៀបក្នុងឆ្នាំ២០១៦ ។ដោយឡែកស្ត្រីសំរាល កូននៅមណ្ឌលសុខភាព និងមន្ទីរពេទ្យចំនួន១៥៨៧នាក់ស្មើ និង៩៤ភាគរយ សំរាលកូនដោយសុវត្តិភាព និងសំរាលកូនដោយវះកាត់ ៣ ៥៩ភាគរយ ធៀបទៅ និងសំរាលកូនសរុប ។ ធ្វើតេស្ត៍ឈាមចំនួន៩២០នាក់ ក្នុងនោះវិជ្ជមាន២៥នាក់ ។ ស្ត្រីមានគភ៌ចំនួន២២៣០នាក់មានមកពិនិត្យផ្ទៃពោះ និង បានធ្វើតេស្ត៍ឈាមរកមេរោគអេដស៍ និងស្វាយចំនួន២០៨៦នាក់ ក្នុងនោះជាលទ្ធផលស្ត្រី ដែលមាន HIV ចំនួន៤នាក់ ៕ ស សារ៉េត


ចែករំលែក៖