ភ្នំពេញ ៖ ករណីអគ្គិភ័យឆាបឆេះមជ្ឈមណ្ឌលកម្សាន្ត Rock កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃអង្គារ ១៣កើត ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅជាប់ផ្លូវព្រះមុនីវង្ស ក្នុងក្រុមទី៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនោះ បង្កឲ្យកងកម្លាំងអន្តរាគមន៍ដែលចុះពន្លត់ រងរបួសធ្ងន់ ស្រាល៦នាក់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង៤ និង៣០នាទីរសៀល អគ្គិភ័យខាងលើនេះ បានឆាបឆេះអគារស្ទឹមក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ហើយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ រួមទាំងសមត្ថកិច្ចមូលដ្ឋាន កងប្រដាប់អាវុធ និងកម្លាំងជំនាញអន្តរាគមន៍ពន្លត់អគ្គិភ័យ បានចេញរថយន្តជាច្រើនគ្រឿង ក្នុងនោះរួមមាន ៖ រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថក្រុង / រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ/ រថយន្តពន្លត់អគ្គិភ័យជ្រោយចង្វារ / រថយន្តពន្លត់អគ្គិភ័យក្រសួងការពារជាតិ / រថយន្តពន្លត់អគ្គិភ័យស្រាបៀរកម្ពុជា / និងរថយន្តពន្លត់អគ្គិភ័យកោះពេជ្រ ដោយពួកគាត់បាននាំគ្នាស្វះស្វែងញាប់ដៃ ញាប់ជើង ជួយបាញ់ទឹកពន្លត់ ទាំងបានបង្កឲ្យមានកងកម្លាំងពួកគាត់រងរបួសធ្ងន់ដោយសារផ្សែងភ្លើងចំនួនម្នាក់ និងសន្លប់ចំនួន៥នាក់ ហើយត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ក្នុងករណីអគ្គិភ័យខាងលើនេះ កងកម្លាំងអន្តរាគមន៍បាញ់ទឹកពន្លត់ បានប្រើប្រាស់ទឹកអស់រហូតដល់ទៅចំនួន១៥៩ឡាន ដោយរលត់ទៅវិញជាស្ថាពរនៅវេលម៉ោង១០ និង៣០នាទីយប់ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា នៅពេលកើតហេតុនោះ គេសង្គេតឃើញមានវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជាអគ្គស្នងការរងនគបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ព្រមទាំងលោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ, លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន , លោក យិន សាន អធិការនគរបាលខណ្ឌចំការមន , លោក ព្រហ្ម យ៉ត ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ រួមមានការសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុផងដែរ ។
ប្រភពពីសមត្ថកិច្ចជំនាញបានបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើង គឺអាចមកពីជាងផ្សារជួសជុលបន្ទប់ ធ្វេសប្រហែសធ្វើឲ្យឆេះ ហើយសម្ភារដែលខូចខាតមាន បន្ទប់សណ្ឌាគារ Rock និងERock មួយចំនួនធំ ៕ ភារ៉ា ដង្កោ