ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចបើកបុកនិងកិនម៉ូតូអូសមនុស្សជាប់ក្រោមកង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូហើយត្រូវបានរថយន្តធុនធំបើកបុក និងកិនអូសជាប់ក្រោមរថយន្ត កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្តុបណតប្រីត តាមបណ្តោយផ្លូវ លេខ២០០៤ កែងផ្លូវណប្រីជ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធាណីភ្នំពេញ ។

ជនរងគ្រោះឈ្មោះឈិន សាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបជាជាងដែក ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកំណើតនៅភូមិព្រៃរុន ឃុំស្រងែ ស្រុកត្រាំង ខេត្តតាកែវ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1AN 7983 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ(រថយន្តស្ទូច)ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C 1552 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹង និងកិនអូសជាប់មនុស្ស និងម៉ូតូនៅខាងក្រោមរថយន្តតែម្តង បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ដោយឡែកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖