ភ្នំពេញ៖ ស្ត្រីម្នាក់ ជំនាញខាងវះហោប៉ៅ ក្នុងផ្សារ ងិន អាន (ហៅផ្សារទំនប់) ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលទួលសង្កែទី១ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃចំនួនពីរគ្រឿង របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារ តែត្រូវបានម្ចាស់ទូរស័ព្ទដឹងទាន់ បានចាប់ខ្លួនឲ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមច្បាប់ ។
ករណីឃាត់ខ្លួនស្រ្តីសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃពុធ ១៤កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅក្នុងផ្សារ ងិន អាន (ហៅផ្សារទំនប់) ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចដែលយាមគោលដៅ ក្នុងផ្សារ ងិន អាន (ហៅផ្សារទំនប់) បានឲ្យដឹងថា មុនពេលឃាត់ខ្លួនស្ត្រីម្នាក់ ជំនាញខាងវះហោប៉ៅ គឺជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃចំនួនពីរគ្រឿង ពីបងប្អូនប្រជាពលរដ្ឋដែលកំពុងតែដើររកទិញម្ហូបនៅក្នុងផ្សារបានសម្រេចហើយប្រុងរត់គេចខ្លួន តែត្រូវបានម្ចាស់ទូរស័ព្ទដឹងទាន់ ដេញចាប់ខ្លួនបានរួចឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរ នៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដើម្បីសាងសុំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់ ៕ ស តារា