ខេត្តកំពត ៖ ទីបំផុតជនល្មើសដែលសម្លាប់ស្ត្រីបុគ្គលិកម៉ាស្សារបស់ហាងម៉ាស្សា យីហោលីដាខ្មែរ ម៉ាស្សា នៅផ្សារក្តាមក្នុងក្រុងកែប ខេត្តកែប ត្រូវបានកម្លាំងនគរបាល ខេត្តកំពតចាប់ខ្លួនបានហើយកាលពីព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានថ្លែងថា ជនល្មើសជាឃាតកដែលសម្លាប់ស្ត្រីម៉ាស្សា នៅក្រុងកែបកាលពីយប់ថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវ បានចាប់ខ្លួនហើយដោយជនល្មើសជាជនជាតិអាមេរិកឈ្មោះ Shanch Ez Sann Daniel កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩៣ រូបគេបានចូលមកខេត្តកែបនៅថ្ងៃ២៦ ខែ កុម្ភៈ ឆ្នាំ២០១៨ ដោយបានស្នាក់នៅផ្ទះ សំណាក់យីហោកែបបេ ហើយត្រូវចេញពី ខេត្តកែបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែរូបគេបានចាក ចេញពីម៉ោង៨ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ តាមរថយន្តតាក់ស៊ីទៅ ខេត្តកំពត ។
លោកឧត្តមសេនីយ៍ស្នងការខេត្តបានបន្តថា យោងតាមសាក្សីដែលជាបុគ្គលិក បម្រើការងារនៅហាងម៉ាស្សាបានអះអាងថា ជនបរទេសរូបនោះពិតជាបានចេញពីបន្ទប់ម៉ាស្សាកន្លែងកើតហេតុប្រាកដមែន។ ជាមួយគ្នានេះជនជាតិអាមេរិករូបនោះនៅមានជាប់ស្នាមខ្វាចនៅលើមុខនិងករបស់គេផងដែរ ។
លោកឧត្តមសេនីយ៍ទោ អុីង សំអុល ស្នងការនគរបាលខេត្តកែបបានបញ្ជាក់ថា ជនល្មើសដែលសម្លាប់ស្ត្រីម៉ាស្សាកូនប្រសា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប ត្រូវបានចាប់ខ្លួន និងកំពុងបន្តនីតិវិធីបន្ថែម ទៀត។ ជនល្មើសបានប្រើកាំបិតអារក សម្លាប់ស្ត្រីរងគ្រោះ ។
សូមជម្រាបថា នៅវេលាម៉ោងប្រហែល ៨យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មាន ឃាតកម្មដ៏សាហាវមួយកើតឡើងនៅក្នុងបន្ទប់ហាងម៉ាស្សាយីហោលីដាខ្មែរម៉ាស្សា នៅផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុង កែបដោយស្ត្រីម៉ាស្សាម្នាក់ត្រូវជនដៃដល់ សម្លាប់ដេកស្លាប់ក្នុងថ្លុកឈាម ។
លោកឧត្តមសេនីយ៍ស្នងការខេត្តកែបបានអះអាងថា ជនរងគ្រោះឈ្មោះ លុច គាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នក ម៉ាស្សា ជាកូនប្រសារបស់មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប និងមានស្វាមី ឈ្មោះ ប៉ក់ សួនវិបុល អាយុ២៧ឆ្នាំ មុខ របរជាកសិករ ហើយមានកូនស្រីម្នាក់ទើប តែអាយុ៨ខែប៉ុណ្ណោះ ។
លោកស្នងការបានបញ្ជាក់ថា ជនរង គ្រោះរូបនេះត្រូវបានជនល្មើសប៉ុនប៉ង រំលោភតែរំលោភមិនបានសម្រេចក៏សម្លាប់ ចោលតែម្តង ៕ ហេង នរិន្ទ្រ