ភ្នំពេញ ៖ រថយន្តនីសាន់ដឹកខ្សាច់មួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន រួមទាំងស្ថានភាពផ្លូវងងឹតផង និងគេចម៉ូតូនៅពីមុខផង ក៏បួងចង្កូតទាំងបង្ខំ បណ្ដាលឲ្យក្រឡាប់ផ្អៀងជើងចាក់ខ្សាច់ចោលពេញផ្លូវ កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃពុធ ១៤ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។
តាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តនីសាន់ដឹកខ្សាច់ ពណ៌ស ចង្កូតស្ដាំ ពាក់ស្លាកលេខPP.1384 បានធ្វើដំណើតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន រួមទាំងស្ថានភាពផ្លូវងងឹតផង និងគេចម៉ូតូនៅពីមុខផង ក៏បានបួងចង្កូតបណ្ដាលឲ្យក្រឡាប់ផ្អៀងជើង ចាក់ខ្សាច់ចោលពេញផ្លូវ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនិងអ្នកបើករថយន្តបង្កឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ខាងលើ។ ដោយរថយន្តបង្កមិនបានបង្កផលបះពាល់សម្បត្តិរដ្ឋ ទើបសមត្ថកិច្ចមូលដ្ឋានបានឲ្យម្ចាស់រថយន្តកើបខ្សាច់ឲ្យអស់ពីផ្លូវ រួចឲ្យរថយន្តស្ទូច ស្ទួចយករថយន្តបង្កយកទៅជួលជុលដោយខ្លួនឯង ៕ ភារ៉ា ដង្កោ