ព័ត៌មានទាន់ហេតុការណ៍៖

ប្តី​ប្រពន្ធ​ពីរ​នាក់​ប្តឹង​មនុស្ស​១០នាក់ ​ចំនួន​៥បទល្មើស​ ស្នើ​ឲ្យតុលាការ​ចាត់ការ​តាម​ច្បាប់​

ចែករំលែក៖

ភ្នំពេញ​៖ ​ប្តី​ប្រពន្ធ​ពីរ​នាក់​ បាន​ប្តឹង​មនុស្ស​ចំនួន​១០នាក់​ ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ចោទ​ប្រកាន់​ចំនួន​៥បទល្មើស​ ហើយ​បាន​ស្នើ​ដល់​តុលាការ​មេត្តា​ចាត់​ការ​តាម​ច្បាប់​ ព្រោះ​ទង្វើ​ទាំង​នេះ​ ជា​ការ​រំលោភ​ច្បាប់​និង​រំលោភ​សិទ្ធិ​បុគ្គល​យ៉ាង​ពិត​ប្រាកដ​ ។ បច្ចុប្បន្ន​ តុលាការ​កំពុង​បន្ត​នីតិវិធី​ ។

មន្ត្រី​តុលាការ​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​ទី​០១​ ខែ​មីនា​ ឆ្នាំ​២០១៨​ ថា​ ប្រពន្ធ​ឈ្មោះ​អឿ​ គឹម​ហេង​ និង​ ប្តី​ បាន​ប្តឹង​ឈ្មោះ​ អោម​ គឹម​ហ៊ុន​ ភេទ​ស្រី​ ឈ្មោះ​ អោម​ សារ៉ាន់​ ភេទ​ស្រី​ ឈ្មោះ​ ចាន់​ ស្រី​ណែត​ ភេទស្រី​ ឈ្មោះ​ ចាន់​ ស្រី​ណេត​ ភេទ​ស្រី​ ឈ្មោះ​ សំ​ សារី​ ភេទ​ស្រី​ ឈ្មោះ​ អូ​ បូរី​ ភេទប្រុស​ និង​ មនុស្ស​ប្រុស​៤នាក់​ទៀត​ ដែល​មាន​ទីលំនៅ​ផ្ទះ​លេខ៣៤​ ផ្លូវ​បេតុង​ ភូមិ​ឧកញ៉ា​វាំង​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពី​បទ​”រំលោភ​លើ​លំនៅដ្ឋាន​​ បទ​ធ្វើ​ឲ្យខូចខាត​ដោយ​ចេតនា​ បទ​បង្ខាំង​ដោយ​ខុសច្បាប់​ បទ​បរិហារកេរ្តិ៍​និង​ការ​ជេរ​ប្រមាថ​”​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២០​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្ទះ​លេខ​៥៥​ ផ្លូវ​លំ​ ភូមិ​ទំនប់​ទី​១​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ។

មន្ត្រី​ដដែល​ បន្ត​ថា​ ពេល​នេះ​ ពុំ​ទាន់​ចាត់​ព្រះ​រាជ​អាជ្ញា​រង​រូប​ណា​កាន់​សំណុំរឿង​នេះ​ នៅ​ឡើយ​ទេ​ ហើយ​មេធាវី​តំណាង​ដើម​បណ្តឹង​ទំនង​ជា​លោក​មេធាវី​ កែវ​ វ៉ាន្នី​ នឹង​ដាក់ពាក្យចូល​ជា​មេធាវី​តំណាង​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ។

ដើម​ចម​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ​ ត្រូវ​បាន​មន្ត្រី​តុលាការ​ បង្ហើប​ឲ្យដឹង​ថា​ នៅ​ថ្ងៃទី​កើត​ហេតុ​ ក្រុម​ជនសង្ស័យ​ទាំង​១០នាក់​ នាំ​គ្នា​សម្រុក​ចូល​លំនៅដ្ឋាន​ ហើយ​ធ្វើ​សកម្មភាព​រើ​កកាយ​សម្ភារៈ​និង​ទ្រព្យសម្បត្តិ​ដែល​មាន​នៅ​ក្នុង​ផ្ទះ​បោះ​ចេញ​មក​ខាង​ក្រៅ​ផ្ទះ​ ធ្វើ​ឲ្យមាន​ការ​ខូចខាត​ព្រម​ទាំង​បាន​យក​សោ​បង្ខាំង​មនុស្ស​៦នាក់​នៅ​ក្នុង​ផ្ទះ​ ។ នៅពេលនោះ ជនរងគ្រោះ​បានទៅប្ដឹងសុំជួយធ្វើអន្តរាគមន៍ភ្លាមៗ ពីខាងប៉ូលិសរដ្ឋបាលសង្កាត់ភ្នំពេញថ្មី​ឲ្យមកជួយ ទើបក្រុមជនសង្ស័យ​បានបំបែកគ្នាអស់ ហើយនៅសល់ឈ្មោះ អោម សារ៉ាន់ និងឈ្មោះ ចាន់ ស្រីណែត បានចេញមុខមកទទួលខុសត្រូវ និងព្រមព្រៀង​ឲ្យហៅជាងមកកាត់សោចេញវិញ។ មន្រ្តីនគរបាលបាននាំជនល្មើសបួននាក់ដែលជាស្រ្តីនៅកន្លែងកើតហេតុទៅកាន់ប៉ុស្ត៍រដ្ឋបាលសង្កាត់ភ្នំពេញថ្មី។ នៅទីនោះមន្រ្តីនគរបាលបានត្រឹមតែតម្រូវឲ្យជនល្មើសធ្វើកិច្ចសន្យាមិនឲ្យចូលបំពានលំនៅឋាននេះតទៅទៀតប៉ុណ្ណោះ ដោយមិនធ្វើការឃាត់ខ្លួននិងបញ្ជូនជនទាំងនេះទៅតុលាការតាមនីតិវិធីច្បាប់នោះទេ ទោះបីជាជនទាំងនេះ បានប្រព្រឹត្តបទល្មើសជាក់ស្តែងធ្ងន់ធ្ងរជាច្រើន និង មានការស្នើសុំអោយឃាត់ខ្លួនពីជនរងគ្រោះយ៉ាងណាក៍ដោយ។

នៅចំពោះមុខសាធារណជនយ៉ាងច្រើនកុះករ ឈ្មោះ អោម សារ៉ាន់ និងឈ្មោះ ចាន់ ស្រីណែត បានបញ្ជូនជើងប្រាប់ឱ្យជនរងគ្រោះ​ប្ដឹងទៅតុលាការទៅ ពួកខ្លួនមិនខ្លាចទេ និងបាននិយាយប្រមាថមើលងាយមកលើក្រុមគ្រួសារ​ជនរងគ្រោះ​ថា ពួកអ្នកឯងក្ររហាមអញ្ចឹង ទៅប្ដឹងទារយកប្រាក់ចំនួនម្ភៃម៉ឺនដុល្លាអាមេរិកពីខ្លួនទៅ កុំ​ឲ្យក្រទៀត ពិបាកដើរបោកគេ។

ពាក់ព័ន្ធ​ករណី​នេះ​ ស្ត្រី​រងគ្រោះ​ឈ្មោះ​ អឿ​ គឹម​ហេង​ បញ្ជាក់​ថា កាលពីថ្ងៃទី០៥ខែមេសាឆ្នាំ២០១៧ ឈ្មោះ អោម គឹមហ៊ុន បានចុះកិច្ចសន្យាលក់ដីនិងផ្ទះ ទំហំ ៤មx១៤ម (ផ្ទះកើតហេតុ) ក្នុងតម្លៃ ៦៥.០០០$ (ប្រាំមួយម៉ឺនដុល្លាអាមេរិក) និងកិច្ចសន្យាប្រគល់ប្រាក់កក់ថ្លៃលក់ដី និងផ្ទះ ចុះថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧ មក​ឲ្យនាងខ្ញុំ ហើយបន្ទាប់ពីបានប្រគល់ប្រាក់មួយចំនួនរួចមក ខ្ញុំបាទនាងខ្ញុំក៏បានចូលមកស្នាក់នៅប្រកបរបររកស៊ីកាត់ដេរនិងស្នាក់នៅក្នុងផ្ទះនេះ ដោយមិនទាន់បានទទួលឯកសារប្លង់ដីផ្ទះនៅឡើយទេ ពីព្រោះឈ្មោះ អោម គឹមហ៊ុន បានយកទៅដាក់បញ្ចាំខ្ចីប្រាក់នៅធនាគារអេស៊ីលីដា តាំងពីឆ្នាំ២០១៥ ហើយនាងខ្ញុំជាអ្នកជួយបង់ប្រាក់ជំនួសទៅឱ្យខាងធនាគារ ដើម្បីកាត់កងថ្លៃដីនិងផ្ទះនេះ។

នាងខ្ញុំបានបង់ប្រាក់ទៅខាងធនាគារបាន ចំនួន ៧ខែ មានទឹកប្រាក់ស្មើ នឹង ចំនួន ៥.៧០០០ដុល្លាអាមេរិក(ប្រាំម៉ឺនប្រាំពីរពាន់ដុល្លាអាមេរិក) ស្រាប់តែឈ្មោះ អោម គឹមហ៊ុន ប្រែក្រលាស់ថាមិនលក់ដីផ្ទះក្នុងតម្លៃដូចមានក្នុងកិច្ចសន្យាខាងលើនោះទេ គឺទាមទារឡើងថ្លៃ ដោយឈ្មោះ អោម គឹមហ៊ុន បានប្ដឹងទៅសាលាសង្កាត់ភ្នំពេញថ្មីឱ្យធ្វើការដោះស្រាយ ហើយនាងខ្ញុំបានយល់ព្រមទទួលយកប្រាក់ ដែលនាងខ្ញុំបានប្រគល់ឱ្យគាត់ និងប្រាក់ដែលនាងខ្ញុំបានបង់ជំនួសទៅឱ្យខាងធនាគារនោះ និងប្រគល់ដីផ្ទះនេះទៅឱ្យគាត់វិញ។ ប៉ុន្តែការដោះស្រាយពីរឿងនេះមិនទាន់ចប់ទេ ដោយឈ្មោះ អោម គឹមហ៊ុន គ្មានប្រាក់ប្រគល់មកឱ្យនាងខ្ញុំវិញឡើយ ស្រាប់តែនៅថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០១៨ ក្រុម​ជនសង្ស័យ​ បានលើកគ្នាទៅធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើតែម្ដង។

ដូច្នេះ ទង្វើរបស់ក្រុម​ជនសង្ស័យ​បានធ្វើឡើងនោះ គឺជាអំពើ រំលោភលើលំនៅដ្ឋាន អំពើ ធ្វើឲ្យខូចខាតដោយចេតនា អំពើ បង្ខាំងដោយខុសច្បាប់ និងធ្វើ​ខូចខាតនូវផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរបំផុត ពីអំពើនេះ ។

ប្តីប្រពន្ធ​ទាំង​ពីរ​នាក់​ សំណូមពរ​ ទី​១សុំចោទប្រកាន់ និងផ្ដន្ទាទោស លើជនសង្ស័យ​ទៅតាមផ្លូវច្បាប់ និង​ ទី២សុំទាមទារសំណងការខូចខាតទ្រព្យសម្បត្តិ និងការខាតបង់ពេលវេលា និងសំណងជំងឺចិត្តចំនួន ១០.០០០$ (មួយម៉ឺនដុល្លាអាមេរិក) ។

ទោះបី​យ៉ាងណា​ នៅ​ថ្ងៃទី​០១​ ខែ​មីនា​ ឆ្នាំ​២០១៨​ នេះ​ ពុំ​ទាន់​ទំនាក់ទំនង​សុំ​ការ​បញ្ជាក់​ពី​ក្រុម​ជនសង្ស័យ​បាន​នៅ​ឡើយ​ទេ​ ។ ប៉ុន្ដែ​សារព័ត៌មាន​នឹង​រង់ចាំ​ការ​បំភ្លឺ​គ្រប់​ពេលវេលា​ ៕ ចេស្តា

 


ចែករំលែក៖