ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបានបញ្ជាយកជនសង្ស័យម្នាក់ជាថៅកែសា្របៀរដែលប្រើអំពើហិង្សាទៅលើប្រពន្ធយកទៅដាក់គុកក្រោយប្រពន្ធផ្សាយផ្ទាល់តាមហ្វេសប៊ុកឲ្យសមត្ថកិច្ច និងព្រះរាជអាជ្ញាជួយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ដែលគេស្គាល់ជាថៅកែក្រុមហ៊ុនស្រាបៀរមួយនៅក្រុងសិរីសោភ័ណ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យបញ្ជាឲ្យសមត្ថកិច្ចយកទៅដាក់គុកនោះហើយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ដែលជនសង្ស័យបានប្រើអំពើហិង្សាវាយប្រពន្ធបណ្តាលឲ្យរងរបួសពេញផ្ទៃមុខ ។ អំពើហិង្សានោះប្រពន្ធក៏បានផ្សាយផ្ទាល់តាមហ្វេសប៊ុកឲ្យសមត្ថកិច្ច និងព្រះរាជអាជ្ញាជួយនាងផងប្តីបានវាយ និងឃុំឃាំងក្នុងបន្ទប់ បើជួយនាងមិនទាន់ទេច្បាស់ជាប្តីនោះវាយស្លាប់ហើយ បណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញហ្វេសប៊ុក ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានអំពើហិង្សាក្នុងគ្រួសារមួយកើតឡើងប្តីមានឈ្មោះ ហែម ហ៊ាង អាយុ៣៤ឆ្នាំ ជាថៅកែស្រាបៀរហ្គេនស្បើកសាខាខេត្តបន្ទាយមានជ័យ បានប្រើអំពើហិង្សាវាយប្រពន្ធឈ្មោះ យូ លីណា អាយុ៣១ ឆ្នាំ បណ្តាលឲ្យជាំភ្នែក ហើយមដៃ និងបែកមាត់ ។

លោកអធិការប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុប្តីប្រពន្ធ២នាក់ និងមានមិត្តភក្តិ៤នាក់ទៀតបានផឹកស្រាស្រវឹងរៀងៗខ្លួននៅ និងផ្ទះរបស់ខ្លួន ។ បន្ទាប់មកការផឹកស៊ីក៏បានចប់ហើយមិត្តភក្តិដែលបានផឹកស៊ីជាមួយគ្នាក៏នាំគ្នាត្រឡប់ទៅវិញអស់ ។ លុះបន្ទាប់មកទៀតបុរសជាប្តីឈ្មោះ ហែម ហ៊ាង ដើរចូលក្នុងផ្ទះ ក៏ឮសម្លេងកូនយំ ហើយបានស្តីឲ្យប្រពន្ធ ពេលនោះរវាងពួកគេទាំង២នាក់ប្តីប្រពន្ធបានប្រកែកគ្នាទៅវិញទៅមក ដោយប្រពន្ធបានជេរប្តីទៅវិញ នៅពេលនោះប្តីខឹងទាញទូរស័ព្ទគុបសំដៅចំប្រពន្ធតែគប់ខុស ហើយប្រពន្ធក៏ស្ទុះចូលវាយប្តីមុន ធ្វើឲ្យប្តីទ្រាំពុំបានក៏វាយតបតទៅវិញ បណ្តាលឲ្យរងរបួសពេញផ្ទៃមុខ ។

លោកអធិការប្រាប់ឲ្យដឹងទៀតថា ក្រោយពីកើតអំពើហិង្សានោះហើយប្រពន្ធក៏LIVE facebook ស្រែកឲ្យសមត្ថកិច្ច និងព្រះរាជអាជ្ញាជួយនាងផងប្តីបានវាយ និងឃុំឃាំងក្នុងបន្ទប់ បើជួយនាងមិនទាន់ទេច្បាស់ជាប្តីនោះវាយស្លាប់ហើយ ។ បន្ទាប់ពីហេតុការនោះហើយ កម្លាំងនគរបាលប៉ុស្ថិ៍សង្កាត់កំពង់ស្វាយ ក៏ចុះទៅដល់កន្លែងកើតហេតុខាងលើ ដោយកោះអញ្ជើញ២នាក់ប្តីប្រពន្ធកន្លែងប៉ុស្ថិ៍ដើម្បីសួរនាំ ។ ខណៈនោះភាគីខាងប្តីសុំសម្របសម្រួលជាមួយប្រពន្ធថាកុំប្តឹងអី ប៉ុន្តែប្រពន្ធមិនព្រមដោយឲ្យសមត្ថកិច្ចត្រូវចាប់ប្តីចាត់ការតាមផ្លូវច្បាប់នៅពេលកំពុងមានកំហឹង ទោះបីមានការសម្របសម្រួលពីសមត្ថកិច្ចក៏ប្រពន្ធមិនព្រមនោះដែរ ដាច់ខាតត្រូវចាប់ប្តីដាក់គុក ។ បុរសជាប្តីក៏បានឆ្លើយសារភាពទទួលកំហុសថាខ្លួនពិតជាប្រើងំពើហិង្សាទៅលើប្រពន្ធនោះមែន ។

លោកអធិការបញ្ជាក់ទៀតថា ដោយមានការសម្របសម្រួល និងអនុញ្ញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យលោក មាស ច័ន្ទពិសិដ្ឋ សមត្ថកិច្ចក៏បានចាប់ខ្លួនបុរសជាប្តីបញ្ជូនមកឃុំឃាំងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។

សេចក្តីរាយការណ៍ឲ្យដឹងថាក្រោយពីសមត្ថកិច្ចនគរបាលចាប់បញ្ជូនជនសង្ស័យជាប្តី ទៅកាន់តុលាការស្រាប់តែស្រ្តីជាប្រពន្ធស្នើសុំទៅតុលាការដកពាក្យបណ្តឹងវិញ ។ ប៉ុន្តែតុលាការ មិនព្រមនោះទេ ដោយសារបុរសជាប្តីជនសង្ស័យជាប់បណ្តឹងអាជ្ញា ក៏ត្រូវបានតុលាការអនុវត្តតាមផ្លូវច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖