ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពកាច.កម៉ូតូចំនួន២គ្រឿងបានសម្រេច តែអស់លក្ខណ៍ត្រឹមប្រព័ន្ធGPS សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់និងម្នាក់ទៀតរត់គេចខ្លួន ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅក្នុងវត្ដគោកអំពិល ភូមិព្រែកខ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ទី១-ឈ្មោះ ឆោម ពន្ធណាក់រិទ្ធ ១៨ឆ្នាំមុខរបរ សិស្ស ស្នាក់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងទី២-ឈ្មោះ ភេម សុវិតា អាយុ២០ឆ្នាំ មុខរបរ អ្នករត់តុ ស្នាក់នៅភូមិជាមួយគ្នា ។ ចំណែកឯជនសង្ស័យមានឈ្មោះ ឆន សុវណ្ណរិទ្ធ អាយុ៤៥ ឆ្នាំមុខរបរ ចោរ ស្នាក់ខេត្ដកំពុងចាម ។
យោងតាមសម្ដីម្ចាស់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងបាននាំគ្នាមកញាំអ្វីនៅម្ដុំកៀនស្វាយក្រៅ ស្រាប់តែពេលពួកគេអង្គុយបានជិត១ម៉ោងមានក្មេងមកប្រាប់ថា ចោរលួចម៉ូតូ បាត់ហើយ ភ្លាមៗនោះពួកគេបាននាំគ្នាបើកប្រព័ន្ធGPS ក៏នាំគ្នាជិះដេញតាមមកដល់ផ្លូវថៃហ្គើបានជិះបុកគ្នា រួចក៏រត់ឡើងម៉ូតូគ្នាគេមួយទៀតគេចមកដល់វត្ដគោកអំពិល ពួកគេបានឃើញជនសង្ស័យ២នាក់កំពុងដោះស្លាកលេខដូរ ពួកគេក៏នាំគ្នាជិះម៉ូតូមកហៅ សមត្ថកិច្ចឲ្យជួយអន្ដរាគមន៍ឃាត់បានជនសង្ស័យម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើនេះមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងធ្វើកំណត់ហេតប្រគល់ឲ្យទៅសមត្ថកិច្ចនៃអធិការដ្ឋានស្រុកកៀនស្វាយជាម្ចាស់ករណីវិញ ៕ ភារ៉ា ដង្កោ